(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅខាងកើតទំនប់តាកុដ ស្ថិតនៅក្នុងទឹកដីភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយ កងរាជអាវុធហត្ថស្រុក សឹករងស្រុក ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម និងសហគមន៍នេសាទ (ឃុំមៀន ស្រុកព្រៃឈរ និងឃុំវិហារធំ ស្រុកកំពង់សៀម)។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលកម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុងចំនួន៣៣មាត់, របាំងស្បៃមុង ប្រវែង១,៦៥០ម៉ែត្រ, បង្គោលចម្រឹង ចំនួន៤៩៥ដើម និងចាក់លែងកូនត្រីចំរុះចូលក្នុងបឹង ចំនួន៩២គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង ត្រូវបានដុតបំផ្លាញចោលនៅនិងកន្លែង៕