(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានចុះពិនិត្យស្ថានភាពប៉ុស្ដិ៍នគរបាលរដ្ឋបាល និងចាត់បញ្ជាដាក់កម្លាំងនគរបាលជាប់តាមដងទន្លេ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់។
ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលលោកឧត្តមសេនីយ៍ស្នងការ ចុះពិនិត្យនោះរួមមាន ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់មានដូចជា ប៉ុស្ដិ៍គៀនជ្រៃ ប៉ុស្ដិ៍រំចេក ដែលកំពុងដំណើរការសាងសង់បាន៥០ភាគរយ ប៉ុស្ដិ៍ហាន់ជ័យ ប៉ុស្ដិ៍ខ្ពបតាងួន ប៉ុស្ដិ៍ព្រះអណ្ដូង និងប៉ុស្ដិ៍ពាមកោះស្នា។
ជាមួយគ្នានេះ លោកស្នងការ ក៏បានចាត់កម្លាំងដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់ផងដែរ ដោយឲ្យត្រៀមទាំងមធ្យោបាយ និងសម្ភារ។
បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល កម្លាំងនៅតាមមូលដ្ឋាន ត្រូវតែយកចិត្តទុក្ខបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ហើយបើមានស្ថានភាពយ៉ាងណានោះ ត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។
ក្នុងឱកាសនោះ លោកស្នងការ បាននាំយកអំណោយ និងថវិកាមួយចំនួនផ្ដល់ជូន រួមមាន អង្ករ ១០០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកផ្លែឈើ ៥កេស ទឹកសុទ្ធ ៣៥យួរ មី ២២កេស និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ សម្រាប់ថវិកាមួយប៉ុស្ដិ៍ទទួលបាន៤០ម៉ឺនរៀល និងប្រគេនព្រះសង្ឃនៅវត្តព្រះអង្គគុហ៍ ២០ម៉ឺនរៀលផងដែរ៕