(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះរៀបចំតុបតែងកែលម្អ ដាំផ្កា និងបំពាក់ភ្លើងបំភ្លឺ នៅសួនរង្វង់មូលស្តេចកន នៅលើដងផ្លូវជាតិលេខ៥៩ ក្នុងស្រុកសាលាក្រៅ ដើម្បីបង្កើនសោភ័ណភាព និងបម្រើឱ្យប្រយោជន៍សាធារណៈក្នុងខេត្ត។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អរហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អរបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អរហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ទៀតថា ជាក់ស្តែងនៅថ្ងៃនេះ លោកបានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះមករៀបចំតុបតែងកែលម្អរ ដាក់ភ្លើងបំភ្លឺ និងដាំផ្កា នៅសួនរង្វង់មូល ស្តេចកន ស្រុកសាលាក្រៅ ក្នុងគោលបំណងទី១៖ ចង់ឱ្យមន្ត្រីរាជការបង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២៖ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។
លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុកសាលាក្រៅ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការថែទាំ ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។
សូមបញ្ជាក់ថា នៅលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានរង្វង់មូលធំៗ ចំនួន២ គឺរង្វង់មូលព្រះគោ និងរង្វង់មូលស្តេចកន ដែលបច្ចុប្បន្នអាជ្ញាខេត្ត បានកំពុងរៀបចំធ្វើការកែកម្អរ ដើម្បីបង្កើនសោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តនៅខេត្តឱ្យបានកាន់តែច្រើនឡើង ជាពិសេសចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតផងដែរ៕