(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង។
ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្រាប់ដៃគូអភិវឌ្ឍផ្សេងៗ ជំរឿននៅឆ្នាំ២០១៩ គឺមានតែអង្គការ UNFPA មួយប៉ុណ្ណោះ ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាក្នុងកំរិតមួយនៃលទ្ធភាពរបស់គេ។
សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងដែរថា ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ មានការកែលំអរតារាងសំណួរ ធ្វើឲ្យមានលក្ខណៈទាន់សម័យស្របតាមតម្រូវការសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០១៦-២០៣០។
បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំនេះ សម្ដេច ស ខេង សង្ឃឹមជឿជាក់ថា ក្រុមការងារបច្ចេកទេស វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានអនុវត្តការងារជំរឿនប្រជាជន បានរលូនទៅតាមផែនការ សកម្មភាពដែលបានគ្រោងទុក។ ចំពោះរបៀបវារៈនៃអង្គប្រជុំនេះ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព បញ្ហាប្រឈម និងជំហានបន្ទាប់នៃការងារជំរឿនទូទៅប្រជាជន នៅកម្ពុជាឆ្នាំ២០១៩ ហើយនៅពេលខាងមុខ នឹងរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន រាជធានី-ខេត្ត ដែលជាយន្ដការដ៏សំខាន់សម្រាប់ឲ្យការងារជំរឿនប្រព្រឹត្តទៅបានជោគជ័យ៕