Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតឆ្នាំ២០១៨ កម្ពុជាបង្ហាញពិភពលោកឲ្យឃើញយ៉ាងច្បាស់ថា ពលរដ្ឋជាង៨៣% បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ (video inside)

14-08-2018 10:00

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ បានបញ្ជាក់ឲ្យដឹងតាមរយៈ Facebook របស់សម្តេចថា ការបោះឆ្នោតឆ្នាំ២០១៨នេះ បានបង្ហាញឲ្យពិភពលោកដឹងថា ប្រជាពលរដ្ឋច្រើនលើសលុប រហូតដល់ជាង៨៣.០២ភាគរយ បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនារបស់ប្រទេសជាតិខ្លួន ពិសេសឲ្យប្រទេសជាតិដ៏កម្សត់មួយនេះ មាននិរន្តភាពនៃការអភិវឌ្ឍន និងសុខសន្តិភាពយូរអង្វែង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា បើតាមការប្រកាសរបស់ គ.ជ.ប ការប្រកាសលទ្ធផលផ្លូវការ អំពីការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហាស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ ព្រមទាំងក្មួយៗជាទីស្រឡាញ់? បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែក ទី១៥សីហា គឺជាថ្ងៃប្រកាសលទ្ធផលផ្លូវការ អំពីការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ (២០១៨-២០២៣)។

នៅថ្ងៃស្អែកនេះដែរ ខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំង ដោះស្រាយបញ្ហាប្រឈមនានាមួយចំនួន ដល់កូនក្មួយកម្មករនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញផងដែរ។ អរគុណណាស់ដែលក្មួយៗ បានបោះឆ្នោតគាំទ្រអោយ គណបក្សប្រជាជនលេខ២០ កន្លងមកនេះ។

ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញឲ្យពិភពលោកបានឃើញច្បាស់ថា ប្រជាពលរដ្ឋ ៨៣.០២% បានទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាចយល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង។ ជូនពរបងប្អូនជនរួមជាតិទូទាំង ប្រទេសជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ទីកន្លែង!»៕