(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ចំនួន៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង, រថយន្ដធុនធំ២គ្រឿង, រថយន្ដធុនតូច៤គ្រឿង, អ្នកថ្មើជើងម្នាក់ និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ដ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី០១ដលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍កើតឡើងចំនួន១០៧លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៤នាក់, របួសស្រាល៤៤នាក់ និងរបួសធ្ងន់៩០នាក់៕