(ភ្នំពេញ)៖ ស្ត្រីជនជាតិចិនម្នាក់ ដែលបានបើករថយន្ដ ដេញតាមបុកជនសង្ស័យជាចោរឆក់ជិះម៉ូតូ២នាក់តាមដងផ្លូវ រហូតបំបុកផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងរួចរាល់ហើយ ដើម្បីបញ្ជូនទៅតុលាការ ក្រោមបទល្មើស «ប៉ុនប៉ងឃាតកម្ម»។ បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក យិន សាន អធិការនគបាលខណ្ឌចំការមន ប្រាប់បណ្តាញព័ត៌មានអង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។
លោកអធិការបន្តថា ដោយឡែកស្ត្រីចិនម្នាក់ទៀត ដែលរួមដំណើរក្នុងហេតុការណ៍នោះ មិនត្រូវបានឃាត់ខ្លួនទេ ដោយសារមិនជាប់ពាក់ព័ន្ធ។
លោកអធិការ យិន សាន បានបន្ថែថា ការសម្រេចឃាត់ខ្លួន ស្ត្រីជនជាតិចិននេះ ធ្វើឡើងក្រោមការអនុញ្ញាតិរបស់លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញរងអមសាលាដំបូង រាជធានីភ្នំពេញ។
គួររំលឹកថា ស្ត្រីជនជាតិចិន២នាក់ ដែលអះអាងថា ត្រូវចោរឆក់ទូរស័ព្ទ រួចបើករថយន្ដដេញបំបុកចោរ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយសារហេតុការណ៍នេះ ស្ថិតក្នុងការស្រាវជ្រាវរកហេតុផលឲ្យបានច្បាស់លាស់ ទើបសមត្ថកិច្ច សម្រេចកសាងសំណុំរឿងតាមនីតិវិធី។
បើតាមស្ត្រីជនជាតិចិនទាំង២នាក់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុ ពួកនាងបានជិះរថយន្តតាមដងផ្លូវ ហើយបានបើកកញ្ចក់រថយន្តនិយាយទូរស័ព្ទ ខណ:នោះស្រាប់តែត្រូវចោរ២នាក់ ជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 ជិះមកឆក់ទូរស័ព្ទពីដៃគាត់ ហើយជិះម៉ូតូគេចខ្លួនទើបពួកគាត់ បានបើករថយន្ដដេញតាម រហូតបំបុកក្រុមជនង្ស័យផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវសមត្ថកិច្ចទាក់ទងរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ៕