(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សកិច្ចសិក្សាប្រចាំឆ្នាំមួយ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប មានរយៈពេលពីរយប់បីថ្ងៃ ដែលមានបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមចំនួន១៥០នាក់ ដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោកបណ្ឌិត ជា សុភាព បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៨ ទៅកាន់តំបន់ជុំវិញបឹងទន្លេសាប នៅថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ គឺអនុវត្តតាមផែនយុទ្ធសាស្រ្ត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មានឱកាសក្នុងការចូលរួមក្នុងសកម្មភាពបន្ថែមលើការសិក្សា ហ្វឹកហាត់ការងារ ជួយសហគមន៍ និងសកម្មភាពជួយសង្គមផ្សេងៗ ដូចជាការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច នៅខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងបាននាំថវិកាមូលនិធិគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជូនដល់មន្ទីរពេទ្យកុមារអង្គរ (ខេត្តសៀមរាប) និងក្រុមគ្រួសារក្រីក្រ (ខេត្តបាត់ដំបង) ក៏ដូចជាការចូលរួមសំអាតបរិស្ថានផងដែរ។
លោកបានបន្ដទៀតថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតទាំងអស់ បានចុះសិក្សាស្វែងយល់ នៅតាមរមណីយដ្ឋានជាច្រើនដូចជានៅខេត្តពង់ធំ បានសិក្សាពីរមណីដ្ឋានប្រវត្តិសាស្រ្តបា្រសាទសំបូរព្រៃគុក រូបសំនាកដំរីជាន់ខ្លា ស្ពានកំពង់ក្តី ខេត្តសៀមរាបសិក្សាពីប្រាសាទបុរាណ (វង់តូច, វង់ធំ) ផ្សាររាត្រី Pub Street Artisans Angkor បានឆ្លងកាត់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង បានសិក្សាពីផ្ទះបុរាណ ជំរុំទ័ពប្រជៀវ (ភ្នំសំពៅ) ប្រាសាទបាណន់ ចំការទំពាំងបាយជូរ ភូមិក្រមុំជនជាតិជ្រឹង ខេត្ដពោធិ៍សាត់ សិក្សាពីបូជនីយដ្ឋាន អ្នកតាឃ្លាំងមឿង រមណីយដ្ឋានកោះសំពៅមាស ខេត្តកំពង់ឆ្នាំងសិក្សាពីទេសភាពបឹងទន្លេសាបនៅផ្សារក្រោម និងភ្នំនាងកងរីជាដើម។
ពិសេស នៅតាមគោលដៅ ទស្សនកិច្ចនីមួយៗ ក្រុមនិស្សិតទាំងអស់ ក៏បានខិតខំសិក្សាស្វែងយល់ពីដំណើរការនៃការរៀបចំ និងការគ្រប់គ្រង និងជួបសម្ភាសន៍ ជាមួយ អ្នកគ្រប់គ្រងតាមរមណីយដ្ឋាន ជាពិសេស និស្សិតដែលសិក្សាផ្នែកសេដ្ឋកិច្ច គ្រប់គ្រង ទីផ្សារ និងទេសចរណ៍ បានសិក្សាស្វែងយល់ ដោយផ្ទាល់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍រមណីដ្ឋាននិង ទាក់ទាញភ្ញៀវទេសចរណ៍ របៀបរៀបចំខ្សែទស្សនកិច្ចការ ការគ្រប់គ្រងកម្មវិធីទេសចរណ៍-ដំណើរកំសាន្ត របៀបរៀបចំ ការបែងចែក កញ្ចប់សេវាកម្មទេសចរណ៍ និងរបៀបធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍដល់សេដ្ឋកិច្ចគ្រួសារ សហគមន៌ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញនិងជាប់បឹងទន្លេសាប។
លោក ឆេង ហួយ និស្សិតថ្នាក់បរិញ្ញាបត្រ ឯកទេសគ្រប់គ្រងពាណិជ្ជកម្ម តួនាទីអ្នកផ្តល់សេវាកម្មអោយអតិថិជន នៃក្រុមហ៊ុនធានារ៉ប់រងអាយុជីវិត AIA បានសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួន ចំពោះដំណើរទស្សនកិច្ចសិក្សានេះថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាបានផ្តល់បទពិសោធន៍ចំណេះដឹង ការសិក្សា ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អេកូទេសចរណ៍តាមបណ្តារខេត្តទាំងពីរ សង្វាក់ផលិតកម្ម និងធ្វើឲ្យនិស្សិតរបស់យើងកាន់តែស្រលាញ់នូវវប្បធម៌ ធម្មជាតិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនិស្សិតរូបនេះ ក៏បានសំណែងអំណរគុណ ចំពោះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សម្រាប់ផ្តល់ឱកាស ដស់និស្សិតទទួលបាននូវបទពិសោធន៍ជាក់ស្តែង តាមរយៈទស្សនកិច្ចសិក្សានេះ។
កញ្ញា ម៉ៃ ស៊ីនេត អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឯកទេសទំនាក់ទំនងអន្តរជាតិ តួនាទីបុគ្គលិកនៅអង្កការកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) បានសំដែងនូវចំណាប់អារម្មណ៍របស់ខ្លួនថា ចំពោះដំណើរទស្សនកិច្ចសិក្សា នៅតំបន់ជុំវិញបឹងទន្លេសាប ដំណើរទស្សនកិច្ចសិក្សានេះពិតបានទទួលនូវបទពិសោធន៍ជាច្រើន ក្នុងការរៀបចំខ្សែទស្សនកិច្ចសិក្សាក្នុងនោះរួមមានការស្នាក់នៅ ការហូបចុក និងការគ្រប់គ្រង។ កញ្ញាក៏បានផ្តាំផ្ញើដល់និស្សិតគ្រប់រូប ឲ្យខំសិក្សាបន្ថែមទៀត ពីព្រោះឧកាសទៅទស្សនកិច្ចសិក្សានេះ និងមានជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់ ព័ត៌មានបន្ថែមទំនាក់ទងលេខ៖ ០១៥ ៧២ ០០ ៧២៕