(ព្រះសីហនុ)៖ ទីតាំងម៉ាស្សាឈ្មោះ «ប៉ាយជីងហាន់កុង» ដែលបង្កប់សេវាកម្មបម្រើផ្លូវភេទ នៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បង្ក្រាបបាននៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនបានជនជាតិចិន ប្រុសស្រី២៩នាក់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង​ដោយ​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ និងក្រោមការសម្របសម្រួលពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ​បានធ្វើការចុះទៅឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ «ប៉ាយជីងហាន់កុង» ហើយកម្លាំងសមត្ថកិច្ច​ជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន​២៩នាក់ ក្នុងនោះស្រី​១៤នាក់​ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេត​ និងសួរបំភ្លឺឃើញថា ស្ដ្រីទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។

បើតាមលោកស្នងការ ក្នុងពេលប្រតិបត្តិការបង្ក្រាបនេះ មានភ្ញៀវដែលមករកសេវាកម្ម​សច្ចារកម្ម មានចំនួន​០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធ​ប្រព្រឹត្តិសច្ចារកម្ម (​ជួញដូរផ្លូវភេទខុសច្បាប់​) មានចំនួន​០៧នាក់៖ ទី១៖ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ​៤១ឆ្នាំ ថៅកែ, ទី​២​៖ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ​៤៨ឆ្នាំ អ្នកគិតលុយ, ទី៣៖ឈ្មោះ XU FEI ភេទប្រុស អាយុ​២៩ឆ្នាំ អ្នកគ្រប់គ្រងនារីនៅជាន់លើ, ទី៤៖​ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ​៣៧ឆ្នាំ អ្នកបើកឡានជូនភ្ញៀវ, ទី៥៖ឈ្មោះ CHEN GANG ភេទប្រុស អាយុ​៣៥ឆ្នាំ អ្នកទិញឥវ៉ាន់, ទី៦៖ឈ្មោះ ZHANG BING ភេទប្រុស អាយុ​២៧ឆ្នាំ អ្នកចែកខិតប័ណ្ណ និងទី៧៖ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកចែកខិតប័ណ្ណ។

ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង៧នាក់នោះ ត្រូវបានបញ្ជូនទៅ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បី​កសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕