(កំពង់ស្ពឺ)៖ បន្ទាប់ពីបានទៅចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្ហាញជំហរគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសលទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែលជាលទ្ធផល គណប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។
ការប្រកាសគាំទ្ររបស់ប្រជាពលរដ្ឋ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ នៅវត្តម្រាល ភូមិម្រាលធំ ឃុំភោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
អ្នកស្រី ធ វួច រស់នៅភូមិម្រាល ឃុំម្រាលមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ មិនមានការបង្ខិតបង្ខំនោះទេ គឺពួកគាត់ទៅចូលរួមការបោះឆ្នោត ដោយផ្អែកលើឧត្តមគតិផ្ទាល់ខ្លួន ហើយជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
«ខ្ញុំយល់ឃើញថាការបោះឆ្នោតនេះស្របច្បាប់ ហើយការបោះឆ្នោតនេះ អត់មានអ្នកណាគេបង្ខិតបង្ខំខ្ញុំទេ ខ្ញុំទៅបោះឆ្នោតចេញពីចិត្តខ្លួនឯង»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ធ វួច ប្រជាពលរដ្ឋក្នុងស្រុកបរសេដ្ឋ។
អ្នកស្រីបន្តទៀតថា សម្រាប់លទ្ធផលនៃការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដីនោះ ធ្វើឲ្យលោកស្រីពេញចិត្តយ៉ាងខ្លាំង ក៏ព្រោះរូបគាត់បានសម្រេចបាននូវការជ្រើសរើសត្រឹមត្រូវ និងមានប្រជាពលរដ្ឋរាប់លាននាក់ទៀត បានសម្រេចចិត្តដូចរូបគាត់ផងដែរ។
ជាមួយគ្នានោះដែរ អ្នកស្រី យ៉ា ចន្ទ ជាអ្នកប្រកបរបរកសិកម្ម រស់នៅភូមិម្រាលធំ ឃុំភោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកឡើងថា រូបគាត់ពិតជាពេញចិត្តនឹងលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ក៏ដោយសារតែឃើញសមទ្ធិផលសព្វថ្ងៃនេះ មានការរីកចម្រើនជាខ្លាំង ជាពិសេសផ្លូវថ្នល់ ដែលមាននាពេលបច្ចុប្បន្ន។
អ្នកស្រីបានបញ្ជាក់ថា «ខ្ញុំពេញចិត្ត ត្រេកអរ និងចង់ឲ្យបានដូចរាល់ថ្ងៃនឹងបានហើយ ហើយសព្វថ្ងៃពួកខ្ញុំរស់នៅសុខសប្បាយ! សម្រាប់សព្វថ្ងៃភូមិឃុំខ្ញុំ មានផ្លូវថ្នល់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរ»។
ចំនួនអ្នកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។
ក្នុងឱកាសចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើបញ្ហាសុខភាព របស់ប្រជាពលរដ្ឋកម្ពុជា នៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមទីតំបន់ដាច់ស្រយ៉ាលតែម្តង។
លោកបន្ថែមថា បញ្ហាសុខភាពជាកត្តានាំឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនមួយផ្នែកផងដែរ ប្រសិនប្រជាពលរដ្ឋមានសុខភាពមិនល្អ មានបញ្ហាជំងឺ ក៏អាចនាំចលនាសេដ្ឋកិច្ចពិបាកនឹងឈានទៅមុខ ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងផងដែរ។
លោកបន្តថា រយៈពេល៦៨ខែមកនេះ ជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,៤៤៨នាក់ (បីពាន់បួនរយសែសិបប្រាំបីបាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥៧លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣៤៤,៩០៧នាក់ (សាមសិបបួនម៉ឺន បួនពាន់ ប្រាំបួនរយប្រាំពីរនាក់)
លោកបញ្ជាក់បន្ថែមថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ» ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕