(ភ្នំពេញ)៖ មិនត្រឹមតែនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទេ ដែលបានចេញមកហៅទណ្ឌិត សម រង្ស៊ី មកស្បថស្បែដើម្បីការពារភាពស្អាតស្អំ និងភាពត្រឹមត្រូវនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក៏បានចេញមកការពារសន្លឹកឆ្នោត ការពារឆន្ទៈរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។

ដំណើរការនៃការបោះឆ្នោតបោះទោះបីមានអ្នកសង្កេតការណ៍អន្តរជាតិ និងបណ្តាប្រទេសជាមិត្តជាច្រើនចេញមកសាទរ និងហៅថាជាដំណើរការបោះឆ្នោតដែលរៀបចំឡើងបានយ៉ាងល្អប្រសើរយ៉ាងណាក្តី តែសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលត្រូវបានគេប្រសិទ្ធនាមឲ្យថាជាអ្នកនយោបាយកំសាកខ្លាចគុក និងខ្លាចស្លាប់នោះ នៅតែបន្តចោទប្រកាន់ថា ការបោះឆ្នោតនេះប្រព្រឹត្តទៅក្នុងភាពមិនប្រក្រតី មិនយុត្តិធម៌ មិនត្រឹមត្រូវ និងមានការចោទប្រកាន់ថាមានការបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតជាដើម។

ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ទណ្ឌិតដែលកំពុងរត់ចោលស្រុកគេចពីសំណាញ់ច្បាប់របស់កម្ពុជារូបនេះ ត្រូវបានគេចាត់ទុកជាការប្រមាថមើលងាយដល់ឆន្ទៈរបស់ម្ចាស់ឆ្នោតទាំងមូល។ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានចេញមកបញ្ជាក់ថា និងប្រតិកម្មជាបន្តបន្ទាប់ចំពោះការចោទប្រកាន់បែបនេះ។

សប្តាហ៍មុនអង្គភាពព័ត៌មាន Fresh News បានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ និងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងសប្តាហ៍នេះអង្គភាពយើងបានជួបសម្ភាសន៍បន្តជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលវិញម្តង។

មិនខុសពីអ្នកនៅក្រុងតាខ្មៅ និងអ្នកនៅរាជធានីភ្នំពេញ លោកស្រី សាន សុភាព អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិកុកទិល ឃុំត្បែង បានបង្ហាញលើកឡើងថា ការចេញទៅបោះឆ្នោតរបស់លោកស្រី ក៏ដូចជាក្រុមគ្រួសារមិនមានការបង្ខិតបង្ខំអ្វីនោះឡើយ ជាការចេញទៅបោះឆ្នោតដោយសុទ្ធចិត្ត និងកើតចេញពីឆន្ទៈរបស់ខ្លួន។ លោកស្រី សុភាព ក៏បានបង្ហាញពីការសង្កេតឃើញដោយផ្ទាល់ភ្នែករបស់លោកស្រីផងដែរ នៅថ្ងៃបោះឆ្នោតនោះប្រជាពលរដ្ឋក្នុងភូមិរបស់លោកស្រីចេញទៅបោះឆ្នោតដោយស្នាមញញឹម ដោយគ្មានការខ្លាចរអាកើតចេញពីការបង្ខិតបង្ខំណាមួយនោះឡើយ។

លោកស្រី សាន សុភាព បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំដឹងពីកាតព្វកិច្ចរបស់ខ្ញុំជាប្រជាពលរដ្ឋ។ ខ្ញុំត្រូវមកបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រ រើសអ្នកតំណាង ជាពិសេសជ្រើសរើសមេដឹកនាំប្រទេសរបស់យើង។ អត់មាននរណាបង្ខិតបង្ខំទេ ខ្ញុំមកដោយសុទ្ធចិត្តហ្មងមកបោះឆ្នោតជាកាតព្វកិច្ចរបស់ខ្ញុំជាប្រជាពលរដ្ឋ»

បុរសវ័យចំណាស់ម្នាក់ទៀត ក៏បានអះអាងដូចនឹងលោកស្រី សាន សុភាពផងដែរ។ លោក សយ ស៊ុម អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិជ្រលង ឃុំត្បែងដែរនោះ បានលើកឡើងថា ការចេញទៅបោះឆ្នោតរបស់គាត់នៅថ្ងៃទី២៩ ខែកក្កដា កន្លងទៅ គឺបោះដោយឆន្ទៈគ្មាននរណាទៅបង្ខិតបង្ខំគាត់នោះឡើយ។

លោក សយ ស៊ុម បានបញ្ជាក់យ៉ាងដូច្នេះ «អត់មានបងប្អូនខាងណាមកបង្ខិតបង្ខំទេ ការយល់ឃើញរបស់យើងផ្ទាល់ ដើម្បីរៀបចំអ្នកដឹកនាំប្រទេសរបស់យើងបន្តទៅទៀត។ អត់មានអ្នកបង្ខំខ្ញុំទេ»

ប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ មិនត្រឹមតែបានបង្ហាញជំនឿជាក់លើភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនោះទេ។ ពួកគេបានបង្ហាញការខឹងសម្បាចំពោះទណ្ឌិត សម រង្ស៊ី ដែលចោទប្រកាន់លើភាពស្អាតស្អំនៃការបោះឆ្នោតនោះផងដែរ។

លោកស្រី សាន សុភាព បានបង្ហាញប្រតិកម្មចំពោះទណ្ឌិត សម រង្ស៊ី យ៉ាងដូច្នេះ «បើគាត់ថាក្លែងក្លាយជារឿងរបស់គាត់។ តែការបោះឆ្នោតនេះប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ នៅការិយាល័យខ្ញុំបោះឆ្នោតមានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មានមកត្រឹមត្រូវទាំងអស់ មានគណបក្សរហូតដល់ទៅ១៧ នៅក្នុងឃុំត្បែង។ បោះឆ្នោតអត់មាននរណាបង្ខិតបង្ខំ ហើយអត់មាននរណារំលោភសិទ្ធិនរណាអ្វីទាំងអស់ ត្រឹមត្រូវ សេរី និងយុត្តិធម៌»

ម្ចាស់ឆ្នោតរូបនេះអះអាងថា ខ្លួនហ៊ានស្បថការពារសន្លឹកឆ្នោតថែមទៀតផង បើសិនទណ្ឌិត សម រង្ស៊ី ក្លាហានហ៊ានស្បថនោះ។ លោកស្រី សុភាព បញ្ជាក់ «បើគាត់ហ៊ានមកស្បថមានទៅអី តែឮសូរថាគាត់អត់ហ៊ានមកស្បថផង។ យើងនេះហ៊ានស្បថ យើងបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ ទោះបីអត់មានបក្សប្រឆាំងមក តែក៏មានគណបក្សរហូតដល់ទៅ១៧»

សម្រាប់លោក សយ ស៊ុម វិញ បានចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គ្រាន់តែជាការបង្កាច់បង្ខូចលទ្ធផលបោះឆ្នោត របស់អ្នកនយោបាយដែលអស់សង្ឃឹមគ្មានផ្លូវដើរតែប៉ុណ្ណោះ។ ប៉ុន្តែភាពត្រឹមត្រូវ គឺប្រជាពលរដ្ឋខ្មែរដឹង និងឃើញច្បាស់ តាមរយៈចំនួនប្រជាពលរដ្ឋដ៏ច្រើនបានចេញទៅបោះឆ្នោត។

លោក សយ ស៊ុម បានបញ្ជាក់យ៉ាងដូច្នេះ «មតិរបស់ខ្ញុំទេបើនិយាយទៅវាពិបាកដែរ មនុស្សដែលទាស់គ្នាមិនដែលនិយាយពីគ្នាល្អទេ។ ច្រើនតែនិយាយថាអានេះវាខូច អានោះវាខូច ក៏ប៉ុន្តែលក្ខណៈសំខាន់វានៅលើការគាំទ្ររបស់ប្រជាជន។ ប្រជាជនភាគច្រើនគាំទ្រមតិល្អ ការដឹកនាំល្អ ឃើញច្បាស់ការពិត អ៊ីចឹងបានសូមឲ្យអន្តរជាតិទទួលស្គាល់ ហើយនឹងធ្វើការវិនិច្ឆ័យផង ព្រោះនេះជាការរៀបចំបោះឆ្នោតដោយទឹកចិត្តបរិសុទ្ធអត់មាននរណាបង្ខំនរណាទេ»

សូមបញ្ជាក់ថា ដើម្បីការពារភាពស្អាតស្អំ ភាពត្រឹមត្រូវ យុត្តិធម៌នៃការបោះឆ្នោត ក៏ដូចជាឆន្ទៈប្រជាពលរដ្ឋជាង ៨៣ភាគរយដែលបានចេញទៅបោះឆ្នោតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានចេញមកហៅទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតផងដែរ។ ទោះបីជាយ៉ាងណាទណ្ឌិត សម រង្ស៊ី នៅតែបន្តក្រាញននៀលជាមួយភាពកំសាករបស់ខ្លួនមិនហ៊ានចេញមកស្បថតាមការកោះហៅរបស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ។

ការមិនចេញមកស្បថនេះ មានការលើកឡើងថា ទណ្ឌិត សម រង្ស៊ី ខ្លាចចាញ់ពាក្យសម្បថនាំគ្រោះថ្នាក់ដល់ជីវិតជាថ្មីទៀត ព្រោះតែរូបលោកធ្លាប់ចាញ់សម្បថកាលពីឆ្នាំ២០១៣ នាំឲ្យអន្តរាយដល់បក្ស នាំគ្រោះដល់ខ្លួន និងសមាជិកជាច្រើនត្រូវជាប់គុក រត់ចោលស្រុកជាហូរហែ។

ពាក់ព័ន្ធការស្បថស្បែនេះដែរ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ការស្បថវាមិនមែនជាការទាល់ច្រកនោះទេ ផ្ទុយទៅវិញវាបានបង្កើនការជឿជាក់ និងទំនុកចិត្តមួយកម្រិតថែមទៀត។ លោកបានបញ្ជាក់ថា ការស្បថនេះ គឺប្រៀបដូចជាមនុស្សរត់ទៅរកតុលារកុងស្យង់ ឬតុលាការសម្បជញ្ជៈ ឬតុលាការសីលធម៌ ដើម្បីបង្ហាញអំពីភាពស្អាតស្អំ ឬភាពសុចរិតត្រឹមត្រូវរបស់ខ្លួន ដែលមានគុណតម្លៃខ្ពស់ជាងតុលាការមនុស្សលោកទៅទៀត។

ជាពិសេសនៅក្នុងសង្គមខ្មែរមានជំនឿយ៉ាងមុតមាំទៅលើការស្បថស្បែនេះ ដូច្នេះប្រសិនបើទណ្ឌិត សម រង្ស៊ី ពិតជាប្រាកដក្នុងចិត្តថា ការបោះឆ្នោតមិនត្រឹមត្រូវ ឬក្លែងក្លាយមែននោះ លោកគួរតែហ៊ានចេញស្បថតាមការកោះហៅរបស់នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតមិនគួរបន្តលាក់ខ្លួនពួនអាត្មាដូចសត្វពង្រូលនោះទេ៕