(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរភូមិ-ឃុំ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ទ្វេដង ជាពិសេសមិនត្រូវយកលុយលើសពីបន្ទុកដែលរដ្ឋបានកំណត់ឡើយ ហើយបើមានបញ្ហា ឬសំណូមពរផ្សេងៗ សូមស្នើមកលោកផ្ទាល់ នោះលោកចាត់ការផ្ទាល់តែម្ដង ទៅដល់អាជ្ញាធរភូមិ-ឃុំនោះ។
ការប្រកាសបែបនេះ ខណៈលោកទេសរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកនៅឃុំជំនីក ឃុំរកាខ្នុរ ឃុំប៉ើស១ និងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ជា សុផារ៉ា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំជំនីក ឃុំរកាខ្នុរ ឃុំប៉ើស១ និងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកបានឱ្យដឹងថា ការប្រកាសលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ បានបង្ហាញថា មានប្រជាពលរដ្ឋចំនួន ៦ ៩៥៦ ៩០០ នាក់ ស្មើនឹង ៨៣.០២% បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលបង្ហាញឱ្យឃើញថា «ប្រជាពលរដ្ឋពេញចិត្តលទ្ធិប្រជាធិបតេយ្យ ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ផ្ទុយពីការចង់បានរបស់ជនអគតិមួយចំនួន ដែលបានព្យាយាមបង្អាក់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបានញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត»។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា រយៈពេលជិត៤០ឆ្នាំនេះ ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាព ពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃមក ប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅ បានសុខស្រួលជាមួយក្រុមគ្រួសារ មានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅបានធូរធាសមរម្យ។ ម្យ៉ាងទៀត សុខសន្តិភាពនេះ បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់ពលរដ្ឋគ្រប់រូបក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកបានរំលឹកថា កាលពីឆ្នាំ១៩៩៧ ប្រទេសយើងមានរោងចក្រតែ៧ប៉ុណ្ណោះ បច្ចុបន្នប្បន្នមានជាង១,១០០រោងចក្រ ជាមួយនឹងប្រាកបៀវត្សរ៍១៧០ដុល្លារ/ខែ។ លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០២៣ ខាងមុខ ប្រាក់ខែកម្មករនឹងឡើងដល់យ៉ាងតិច២៥០ដុល្លារ/ខែ។
ជាមួយគ្នានេះ ភ្ងៀវទេសចរណ៍ ពីមុនមិនមានសូប្បីតែម្នាក់ បច្ចុប្បន្នមានជាង៥,៦លាននាក់/ឆ្នាំៗ។ លោកបានបន្ថែមទៀតថា កត្តាទាំងអស់នេះ ដោយសារប្រទេសយើងមានសុខសន្ដិភាព មានសេវាល្អ រួមទាំងការធ្វើដំណើរ និងដឹកជញ្ជូនមានភាពងាយស្រួល ដែលធ្វើឱ្យអ្នកវិនិយោគិនមានទំនុកចិត្តមកដាក់បណ្ដាក់ទុននៅក្នុងប្រទសយើង ពិតជាបាននាំយកទៅវិញនៅប្រាក់ចំណេញជាក់ជាមិនខាន។ ម្យ៉ាងទៀត ការរីចម្រើននេះដោយសារប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខកាន់តែមានទឹកចិត្ត ពុះពារដើម្បីដឹកនាំប្រទេស ដើម្បីធ្វើយ៉ាងណាការពារសន្ដិភាព ស្ថិរភាពនយោបាយ និងមិនអនុញ្ញាតឱ្យបរទេស ឬជនអគតិណាមកបំផ្លាញសន្ដិភាព និងសមិទ្ធិផលនានាដែលជាតិ និងប្រជាជនបានខិតខំប្រឹងកសាងរហូតមានសមិទ្ធិផលគួរជាទីមោទនៈដូចសព្វថ្ងៃនេះឡើយ៕