(ភ្នំពេញ)៖ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឡើងវិញថា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិតី០៦ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្រោយពីលោក ពេជ្រ ស្រស់ សម្រេចដកពាក្យ បណ្តឹងពី គ.ជ.ប នៅរសៀលថ្ងៃនេះ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការប្រកាសលទ្ធផលឆ្នោត នឹងដំណើរការប្រកាសតាមការកំណត់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ដដែល ប្រសិនបើគ្មានពាក្យបណ្តឹងណាមួយពីគណបក្ស ហើយនៅរសៀលថ្ងៃនេះលោក ពេជ្រ ស្រស់ បានសម្រេចដកពាក្យបណ្តឹងពី គជប»

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដកពាក្យបណ្តឹងរបស់ខ្លួន ដែលដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញហើយ នៅវេលាម៉ោង២៖៤០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសម្រេចដកពាក្យបណ្តឹងពី គ.ជ.ប វិញនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។ នេះបើយោងតាមលោក ពេជ្រ ស្រស់ បានបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក។ លោក ពេជ្រ ស្រស់ បានសរសេរថា៖ «ខ្ញុំ ពេជ្រ ស្រស់ នឹងដកពាក្យបណ្តឹងពីគជបវិញនៅរសៀលនេះ ដោយហេតុក្រុមការងារពិនិត្យ ឃើញថាមិនទាន់មានលក្ខណៈគ្រប់គ្រាន់»

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨នេះ លោក ពេជ្រ ស្រស់ បានយកបណ្តឹងទៅដាក់នៅទីស្តីការ គ.ជ.ប។ Facebook ផ្លូវការរបស់លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា មូលហេតុនៃការដាក់​បណ្តឹង គឺ​ដោយសារតែលោកយល់ថា ​លទ្ធផល​ប​ណ្ណោះ​អាសន្ន ដែល ​គ​.​ជ​.​ប ទើបនឹង​ប្រកាស ហាក់ដូចជា​មិនទាន់មាន​លក្ខណៈ​ត្រឹមត្រូវ​នៅឡើយ​៕