(រតនគិរី)៖ លោក​ ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់ខេត្តរតនគីរី ដែលការរីចម្រើនទាំងអស់នេះ គឺមិនអាចផ្តាច់បានពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជាបានឡើយ។

លោកបានជំរុញដល់សាខាធនាគារជាតិ ខេត្តរតនគិរី ខិតខំអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គោរព និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា។ មន្រ្តីត្រូវបន្តទំនាក់ទំនង សហការជិតស្និតជាមួយគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមហ៊ុនវិនិយោគ ដែលជាដៃគូរអភិវឌ្ឍន៍នានា ឲ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែក ជួយអភិវឌ្ឍន៍សង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការលើកឡើងបែបនេះធ្វើឡើង ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់ទុកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរដ្ឋ និងឯកជន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី។

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នខេត្តរតនគីរីមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមាណ២០ស្ថាប័នទាំងរដ្ឋ និងឯកជន។ លោកថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាឥណទានជូនអតិថិជនទូទៅនៅក្នុងខេត្ត សម្រាប់បម្រើឲ្យវិស័យពាណិជ្ជកម្ម កសិកម្ម អាជីវកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្មផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍខេត្តរតនគិរី។

សូមបញ្ជាក់ថា លោក ញ៉ែត នុត ត្រូវបានប្រកាសតែងតាំងជានាយកសាខាធនាគារជាតិថ្មី នៃកម្ពុជាខេត្តរតនគិរី ជំនួសលោក ចាន់ មុនី ដែលត្រូវបានសម្រួលភារកិច្ចថ្មី៕