(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងថា ឥទ្ធិពលព្យុះបេប៊ីនកា នឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន ខណៈរាជធានីខេត្តដទៃទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។

សេចក្តីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលនេះ បានឲ្យដឹងថា «នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ វិសម្ពាធ ដែលកំពុងស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងត្បូងប្រទេសចិន បានវិវត្តន៍ខ្លួនទី១៦ ឈ្មោះ បេប៊ីនកា (BEBINCA)»។

តាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម

* តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានបន្តភ្លៀងធ្លាក់ច្រើន។ លើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ

* តំបន់ខ្ពង់រាបភូមិភាគឦសាន្ត អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

* បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ។

* តំបន់អាងទន្លេមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែសីហា និងជាពិសេសបន្ទាប់ពីព្យុះអស់ឥទ្ធិពល។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕