(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្ត បានជំរុញការដោះស្រាយដីធ្លី ដែលមានទំនាស់ ដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកនេះ ជូនប្រជាពលរដ្ឋឲ្យបានលឿនបំផុត។
លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ស្តីអំពី «លទ្ធផលនៃកិច្ចការងារវាស់វែងដីធ្លី ចេញបណ្ណកម្មសិទ្ធិ និងដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក១០៣គ្រួសារ និង១៨៩គ្រួសារ» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលាខេត្តកំពត។
លោកអភិបាលខេត្ត បានបន្តថា ជាច្រើនអាណត្តិកន្លងមក ទំនាស់ដីធ្លីនៅក្នុងខេត្តកំពត នៅតែបន្តអូនបន្លាយ គ្មានដំណោះស្រាយនោះទេ ហើយតំបន់មួយចំនួន ក្នុងស្ថានភាពនៃទំនាស់កាន់តែរីករាល ដាលធំទៅៗ ដោះស្រាយមិនចេះចប់ រឿងដីធ្លីក្លាយជារឿងក្តៅនាពេលកន្លងមក។ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋបាលខេត្តកំពតមិនអាចអង្គុយរង់ចាំមើលជំងឺមហារីកនៃទំនាស់ដីធ្លីនេះបន្តទៀតទេ ហើយមន្ត្រីស្ថាប័ន អង្គភាព និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយ ព្យាបាល វះកាត់ឲ្យបានលឿនបំផុត តាមសេចក្តីណែនាំ និងយុទ្ធសាស្ដ្រ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តីទី៦។
លោកបន្តទៀតថា ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្ត លោកនឹងដោះស្រាយទំនាស់ដីធ្លី ឲ្យបានឆាប់រហ័សប្រកបដោយ តម្លាភាព យុត្តិធម៌ និងទទួកយកបានពីសំណាក់ ប្រជាពលរដ្ឋ។ ជម្រើសទី១៖ ត្រូវដោះស្រាយតាមវិធីឈ្នះឈ្នះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត និងជម្រើសទី២៖ គឺដោះស្រាយយកចាញ់ឈ្នះ តាមរយៈបញ្ជូនសំណុំរឿងទៅស្ថាប័នតុលាការ ព្រោះបើមិនធ្វើដូច្នេះទេ បញ្ហាដីធ្លីនេះនឹងមិនចប់ឡើយ។
លោក ជឹង ផល្លា អភិបាលរងខេត្ត ដែលជាប្រធានក្រុមការងារវាស់វែងដីធ្លី ក៏បានបញ្ជាក់ថា ក្នុងសំណើររបស់ពលរដ្ឋ១០៣គ្រួសារ ដែលសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅក្នុង ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតក្រុមការងារបានចុះ វាស់វែង និងដោះស្រាយរួចរាល់ នៅសល់តែ១៦គ្រួសារប៉ុណ្ណោះ។
ចំណែកក្នុងសំណើររបស់ពលរដ្ឋ ១៨៩គ្រួសារវិញ ដែលសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីតាមនីតិវិធី ដែលស្ថិតនៅក្នុង ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំងដែរនោះ នៅមានបញ្ហាដោះស្រាយមិនទាន់រួច ចំនួន១៣គ្រួសារ សរុបទាំងអស់ បញ្ហាដីធ្លីនៅសេសសល់តែ ២៩គ្រួសារតែប៉ុណ្ណោះ។ រីឯបណ្ណកម្មសិទ្ធិដីធ្លី នឹងពន្លឿនចេញជូនប្រជាពលរដ្ឋ ឲ្យបានឆាប់ៗខាងមុខនេះ៕