(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តចុះថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងសំណេះសំណាលសួរសុខទុក្ខ និងស្វែងយលអំពីតម្រូវការ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃស។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងប្រកាសអំពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលគណបក្សប្រជាជនបានទទួលជ័យជម្នះ នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកចំពោះខណ្ឌដង្កោ និងសង្កាត់ព្រៃស ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងត្រូវការសម្តេច ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
បន្ថែមពីនេះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូពីសុខទុក្ខ ការលំបាក និងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នា លោកអភិបាលខណ្ឌ ក៏បានធ្វើការស្វែងយល់អំពីសំណើ និងតម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋមកដោះស្រាយ ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទ្វេរដង៕