(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់ដល់មន្ត្រីទាំងអស់ ឲ្យរៀបចំកន្លែងស្នាក់នៅជូនសិស្សក្រីក្រ ដែលគ្មានលទ្ធភាពជួសផ្ទះស្នាក់នៅ និងអំពាវនាវម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យដំឡើងថ្លៃនៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃខាងមុខនេះឡើយ។
លោកបញ្ជាក់ថា «ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ ខ្ញុំសូមឲ្យអាជ្ញាធរ ក្រុង ស្រុក សាមី រៀបចំក្រុមការងារ ជួយសម្របសម្រួលកន្លែងស្នាក់នៅជូនពួកគាត់ ដែលយើងអាចសហការណ៍ជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តនៅជិតៗមណ្ឌលប្រឡងជូនពួកគាត់»។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក សុខ លូ ក៏បានប្រាប់ដល់មន្ត្រីទាំងអស់ រៀបចំឲ្យមានកន្លែងផ្ញើរកង់ ម៉ូតូ ដោយឥតគិតថ្លៃជូនបេក្ខជនប្រឡង និងអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យដំឡើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិតផងដែរ។
លោកបានបន្ថែមទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ សូមមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ សហការណ៍គ្នា ធ្វើយ៉ាងណាឲ្យការប្រឡងបាក់ឌុប នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ នេះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ។ ទន្ទឹមនឹងនេះដែររ លោកអភិបាលខេត្ត បានចាត់ឲ្យ ក្រុង ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវដល់ អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ ១៩, ២០ និង២១ ខែសីហា ឆ្នាំ២០១៨។
គួររំឭកផងដែរថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងសរុបចំនួន ១០មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៤មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ដែលមានទីតាំងស្ថិតនៅ ក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ទីតាំងនេះ ស្ថិតនៅជិតទីប្រជុំជន ដូចនេះបេក្ខជនដែលត្រូវប្រឡងត្រូវធ្វើដំណើរមកស្នាក់នៅជិតមណ្ឌលប្រឡងរបស់ពួកគេ ជាបញ្ហាមួយដែលផ្តល់ការលំបាកដល់បេក្ខជនមួយចំនួនដែលមកពីស្រុកឆ្ងាយៗ ដូចជា សណ្តាន់ ប្រាសាទបល្ល័ង្ក ជាដើម៕