(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ នៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំលោក-លោកស្រី អភិបាលរងខណ្ឌ និងសហការី ចូលរួមក្នុងពិធីទទួលទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារមួយចំនួនធំ ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីយកមករក្សាត្រៀមទុក បង្កាបន្តចែកជូនជួយសង្គ្រោះ តាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោក ជា ពិសី បានថ្លែងទៀតថា លោកនឹងសន្យាបន្តពាំនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារដែលព្រះតេជគុណ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែក ជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋងាយរងគ្រោះ រស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា។
ជាមួយគ្នានោះ ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្សដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ដែលនាំយកមកប្រគេនដល់អនុសាខាកាកបាទក្រហមកម្ពុជា និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ ទៀត ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែ មានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ៕