(ព្រះសីហនុ)៖ បន្ទាប់ពីមានការចែកចាយតៗគ្នា តាមបណ្ដាញសង្គម Facebook រឿងជនជាតិចិន ដែលចែកខិតបណ្ណផ្សព្វផ្សាយម៉ាស្សា និងបម្រើសេវាកម្មផ្លូវភេទនោះ នៅពេលនេះកម្លាំងនគរបាល ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ តាមបង្ក្រាប និងឃាត់បានជនជាតិចិន៧នាក់ អមដោយខិតបណ្ណចំនួន២៥០សន្លឹក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ លោកបានបញ្ជាឲ្យនគរបាល តាមឃ្លាំមើលរហូតឃាត់បានជនជាតិចិន ដែលប្រកបរបរមួយនេះ រួមមាន៖ ការដើរផ្សព្វផ្សាយ ចែកខិត្តបណ្ណម៉ាស្សា មានរូបភាពទាក់ទាញ បង្កប់សេវាកម្មផ្លូវភេទបែបពេស្យាចារ ដែលពួកគេបានយកខិតបណ្ណទាំងនេះ សូកតាមទ្វារនៃបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបិទនៅលើរថយន្តជាដើម។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា បុរសជនជាតិចិនទាំង៧នាក់នោះ កម្លាំងនគរបាលជំនាញ បាននិងកំពុងធ្វើការសួរនាំ ដើម្បីអនុវត្តតាមនីតិតាមក្រោយ ដែលអាចធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាញសង្គម Facebook មានការចែកចាយពីករណីយ៉ាងព្រោងព្រាត ដែលនាំឲ្យមានរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ជនជាតិចិន នៅលើទឹកទេសចរណ៍ព្រះសីហនុ ប៉ុន្តែត្រូវបាននគរបាល បើកការស្រាវជ្រាវរហូតឃាត់បានទាំង៧នាក់នេះ៕