(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលជិតផុតអាណត្តិការងាររយៈពេល៣ឆ្នាំ លោក William A. Heidt បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការតែងតាំងលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីនៅក្នុងប្រទេសកម្ពុជា។
តាមរយៈការចេញផ្សាយនៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក Heidt បានលើកឡើងថា លោក Patrick មានប្រវត្តិលេចធ្លោនៅក្នុងការងារ និងស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ថែមទៀតផង។
លោក Heidt បានបញ្ជាក់ថា «លោក Patrick គឺជាបេក្ខជនតែងតាំងដ៏ល្អបំផុត។ លោកមានប្រវត្តិលេចធ្លោនៅក្នុងការងារស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ ហើយដឹងពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះយ៉ាងច្បាស់»។
លោក Murphy ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនដងផងដែរ ក្នុងពេលកាន់តំណែងជាឧបការរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Trump បានប្រកាសពីបំណងក្នុងការតែងតាំងលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា។ ការតែងតាំងលោក Murphy នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សា និងការយល់ព្រម» លើការតែងតាំងទាំងឡាយ ដោយប្រធានាធិបតី ដែលក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។
បច្ចុប្បន្នលោក Murphy គឺជាឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយសម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។
លោក Murphy បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបានបម្រើការងារក្នុងវិស័យការទូតលើស ២៥ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ៕