Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តស្ទឹងត្រែង រកឃើញភេសជ្ជៈប៉ូវកម្លាំង២៩កំប៉ុង, ទឹកក្រូច២៤ដប, នំស្រួយ និងមីផលិតនៅប្រទេសវៀតណាម ៣គីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់

13-08-2018 15:43

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញទាំងពីរស្ថាប័ន គឺមន្ត្រីសាខាកាំកុងត្រូល និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានធ្វើការត្រួតពិនិត្យ នៅតាមតូបលក់ដូរនានាជាច្រើន នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីស្រាវជ្រាវរកមើលចំណីអាហារ ដែលមានផ្ទុកសារជាតិគីមី សារធាតុបូរ៉ាក់ និងសារជាតិហ្វក់មីលីន ដើម្បីជួយលើកកម្ពស់សុខមាលភាពអ្នកបរិភាគ។

មន្ត្រីជំនាញកាំកុងត្រូលបានរកឃើញ ភេសជ្ជៈម៉ាក RANGER ចំនួន២៩កំប៉ុង មានទម្ងន់៨គីឡូក្រាម, ទឹកក្រូចដបជ័រចំនួន២៤ដប មានទម្ងន់៩គីឡូក្រាម, នំស្រួយម៉ាកលីលី និងមីផលិតនៅប្រទេសវៀតណាម ចំនួន៣គីឡូក្រាមថែមទៀត សុទ្ធតែជារបស់ហួសកាលបរិច្ឆេទប្រើប្រាស់ និងលក់ដូរ។

ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានថ្លែងថា អាជីវករ ក៏ដូចជាអ្នកទិញទំនិញ ផលិតផល ឬចំណីអាហារ ត្រូវរួមគ្នាលើកសម្ពស់សុខភាពទាំងអស់គ្នា សូមកុំយកចំណីអាហារណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់មកលក់ដូរ ហើយអ្នកទិញក៏ត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់ ដើម្បីពេលបរិភោគកុំឲ្យប៉ះពាល់ដល់សុខភាព។

លោកបានបន្តទៀតថា មន្ត្រីជំនាញតែងបានចុះណែនាំ និងបិទរូបសញ្ញាផ្សព្វផ្សាយ ពន្យល់ដល់អាជីវករទាំងអស់ ឲ្យយកចិត្តទុកដាក់ព្យាយាមពិនិត្យមើលគ្រប់មុខទំនិញ នៅមុនពេលនាំចូលយកមកលក់ ទាំងស្លាកសញ្ញា និងទាំងគុណភាពនោះផងដែរ។

អាជីវករផ្សារសាមគ្គីស្ទឹងត្រែង លោកស្រី ស្រី បូរ បានសំដែងការគាំទ្រ និងអរគុណចំពោះសកម្មភាពចុះត្រួតពិនិត្យទំនិញ និងចំណីអាហារ របស់មន្ត្រីសាខាកាំកុងត្រូលខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋបរិភោគទៅ មានសុខភាពល្អទាំងអស់គ្នា ហើយការត្រួតពិនិត្យនោះទៀត បានធ្វើឲ្យលោកស្រី មានការយល់ដឹងពីការលក់ដូរទំនិញ ដែលមានដាក់ជាតិគីមី នៅក្នុងផ្អក ប្រហុក ត្រីសាច់ និងបន្លែបង្កា ជាដើម៕