(ពោធិ៍សាត់)៖ គ្រួសារខ្មែរឥស្លាម ដែលរងគ្រោះភ្លើងឆេះផ្ទះ ត្រូវបានលោក វ៉ាន់ ហ៉ាង នាយកប្រតិបត្តិតំណាងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់លំនៅឋាននាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១៖០០ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ផ្ទះទំហំ១២ម៉ែត្រគុណនឹង១០ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានឆេះទាំងស្រុង។ ម្ចាស់ផ្ទះឈ្មោះ ឯល អាល់ទីកេះ ភេទស្រី អាយុ៦៧ឆ្នាំ ជាខ្មែរឥស្លាម រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
ករណីឆេះនេះ មិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែភាគច្រើនគេសង្ស័យ លើការទុស្សេខ្សែភ្លើងច្រើនជាង។ ករណីអគ្គិភ័យនេះដែរ បានបណ្តាលឲ្យបាត់បង់សម្ភារៈរបស់ ឈ្មោះឯល អាល់ទីកេះ មានថវិកា៧០០ដុល្លារ និង៣លានរៀល, មាស៧ជីកន្លះ, អង្ករ៥០០គីឡូក្រាម, និងសម្ភាររបស់កូនថវិកា១៤០០ដុល្លារ និង១០លានរៀល, មាស៣ ដំឡឹងកន្លះ, ផ្លាកទីន៥ជី, និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ១០០គីឡូក្រាម, ឃីត១កញ្ចប់, ត្រីខ២យួរ, តង់១, កន្ទេល១, មី២កេស, ទឹកសុទ្ធ២កេស, និងថវិកា២០ម៉ឺនរៀល។ ជាមួយគ្នានេះ លោកស្រី ឈឹម ស៊ីណាប្រធាន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានផ្តល់ថវិកា១០ម៉ឺនរៀល, លោកចាប នាង អភិបាលក្រុងពោធិ៍សាត់ ផ្តល់អង្ករ៣០គីឡូក្រាម, និងលោក រុន សារី អនុប្រធានគណចលនាសាសនិកឥស្លាមពោធិ៍សាត់ និងក្រុមសម្ព័ន្ធយុវជនឥស្លាម ផ្តល់ថវិកា៣៤ម៉ឺនរៀល។
លោក វ៉ាន់ ហ៊ាង បានចូលរួមសម្តែងការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់លោកឧបា សិកាឯល អាល់ទីកេះ ដែលបណ្តាលមកពីអគ្គិភ័យបានឆាបឆេះអស់ទាំងស្រុង មួយប៉ប្រិចភ្នែក តែសំណាងល្អមិនបានបាត់បង់ អាយុជីវិត និងមិនរាលដាលដល់ផ្ទះអ្នកជិតខាង។
លោកបានថ្លែង ដោយបានជម្រាបជូនថា ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានកាកបាទក្រហមខេត្តជាសេនាធិការនោះ តែងតែយកចិត្ត ទុកដាក់គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ គ្រោះថ្នាក់ចរាចរ និងអគ្គិភ័យជាដើម ជាក់ស្តែងដូចជា គ្រួសារខ្មែរឥស្លាម ឈ្មោះឯល អាល់ទីកេះ រងគ្រោះភ្លើងឆេះផ្ទះគឺជាសក្ខីភាពស្រាប់ ដោយមិនបានប្រកាន់អំពីនិន្នាការអ្វីឡើយ៕