(ភ្នំពេញ)៖ នៅវេលាម៉ោង១៖០០រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានជួបសំណេះសំណាល និងណែនាំដល់អ្នកសង្កេតការណ៍មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។
ពិធីនេះនឹងត្រូវធ្វើឡើងនៅសាលាតិចណូ (សាលសម្ដេចតេជោ ហ៊ុន សែន) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកសង្កេតស្ម័គ្រចិត្តជាច្រើនផងដែរ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៨នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សានុសិស្សប្រឡងចំនួន១១៧,០៦១នាក់ ចែកចេញជា២ក្រុមរួមមានថ្នាក់វិទ្យាសាស្ត្រចំនួន៥១.៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤៨.៣ភាគរយ ក្នុងនោះមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌលមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦មណ្ឌល៕