(ភ្នំពេញ)៖ ទីបំផុត ! លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដកពាក្យបណ្តឹងរបស់ខ្លួន ដែលដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញហើយ នៅវេលាម៉ោង២៖៤០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។
មុនពេលដកនេះ លោក ពេជ្រ ស្រស់ បានប្រកាសនៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំ ពេជ្រ ស្រស់ នឹងដកពាក្យបណ្តឹងពី គជប វិញនៅរសៀលនេះ ដោយហេតុក្រុមការងារពិនិត្យ ឃើញថាមិនទាន់មានលក្ខណៈគ្រប់គ្រាន់»។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ បានយកបណ្តឹងទៅដាក់នៅទីស្តីការ គ.ជ.ប។ Facebook ផ្លូវការរបស់លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា មូលហេតុនៃការដាក់បណ្តឹង គឺដោយសារតែលោកយល់ថា លទ្ធផលបណ្ណោះអាសន្ន ដែល គ.ជ.ប ទើបនឹងប្រកាស ហាក់ដូចជាមិនទាន់មានលក្ខណៈត្រឹមត្រូវនៅឡើយ៕