(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញធ្វើដំណើរតាមទូកចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៤៨៦គ្រួសារ នៅភូមិ៦ ភូមិ១០ និងភូមិ១១ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះលោក គួច ចំរើន បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយស្នើដល់អាជ្ញាធរ ត្រូវតែជួយសង្គ្រោះពលរដ្ឋ គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺដើម្បីជួយសម្រាលរាល់ទុក្ខលំបាករបស់ពួកគាត់ ឱ្យទាន់ពេលវេលា។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងបន្ថែមទៀតថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូន បានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាព របស់បងប្អូនឱ្យកាន់តែល្អថែមទៀត បើទោះបីសំភារៈ និងថវិកាទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។
លោកក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយរដូវនេះ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហានេះ មានមនុស្សក្មេងចាស់១០នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត មកទល់ពេលនេះ ដោយសារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់នេះ ដែលការស្លាប់មនុស្សនេះ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម។
ដោយឡែក មកទល់ពេលនេះ មនុស្សជិត២០០០នាក់ និងសត្វពាហនៈជិត២០០០ក្បាលផងដែរ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន១២កន្លែង ខណៈដែលទឹកជំនន់ កំពុងយាយីស្រុកចំនួន៩ ក្នុងចំណោមស្រុកក្រុងចំនួន១០ របស់ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង២ម៉ឺន២ពាន់គ្រួសារ ដំណាំកសិកម្ម ជាង៥ពាន់ហិកតា វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន និងបង្ក ការបាក់ច្រាំងទន្លេផងដែរ៕