(ក្រចេះ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលខេត្តក្រចេះ និងមន្រ្តីជំនាញ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ បានអញ្ជើញចុះទៅពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនហ្គីនអាយលែនអភិវឌ្ឍកសិកម្ម ដែលមានទីតាំងនៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន៩,៥៨៣ហិចតា ក្នុងក្នុងនោះផ្ទៃដីសម្រាប់ធ្វើ អាជីវកម្មកសិកម្មបានចំនួន ៨,១៨១ហិចតា ដើម្បីយកទៅដាំដំណាំកៅស៊ូ និងអាកាស្យា។
យោងតាមរបាយការណ៍របស់លោក CHEN JIANBIN នាយកក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្នក្រៅពីដំណាំស្នូល គឺដាំកៅស៊ូ និងអាកាស្យា ក្រៅពេនះក្រុមហ៊ុនបានដាំចេកអំបូងលឿង សាកល្បងលើផ្ទៃដីចំនួន ២៤០ហិចតា និងម្រេចចំនួន៦០ហិចតា។ ចំពោះដំណាំចេកអំបូងលឿង ដំណាក់កាលបឋមកំពុងតែ ប្រមូលផលបានលើផ្ទៃដីចំនួន ៩០ហិចតា ទទួលបានទិន្នផល ៦,៤៨០តោន (៧២តោន ក្នុងមួយ១ហិចតា) និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន បានចំនួន២០តោន ក្រៅពីនេះផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។
ដោយឡែកដំណាំម្រេចចំនួន៦០ហិចតា កំពុងធ្វើការលូតលាស់ ហើយសង្ឃឹមថា នឹងផ្តល់ផលនៅឆ្នាំ២០១៩នេះ។ ក្រៅពីការងារកសិកម្ម ក្រុមហ៊ុនក៏មានគម្រោងថែរក្សា និងអភិរក្សធនធានធម្មជាតិ ពិសេសពពួកបក្សី និងសត្វព្រៃច្រើនប្រភេទដែលកម្រ និងជិតផុតពូជមួយចំនួនទៀត ដើម្បីប្រែក្លាយតំបន់នេះ ទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ នាពេលអនាគត។
ទន្ទឹមនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវថ្នល់ អាងស្តុកទឹក លំនៅដ្ឋានរបស់បុគ្គលិកកម្មករ អគាររដ្ឋបាល មណ្ឌលសុខភាព សាលារៀន និងអណ្តូងទឹក។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក កម្មករបម្រើការចំនួន ២៣៦នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន ២០នាក់។
បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ច ពិនិត្យពីស្ថានភាពផលិតកម្មជារួម និងវឌ្ឍនភាពរបស់គម្រោងអភិវឌ្ឍរួចមក លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច ផ្តោតជាសំខាន់លើវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តោតជាចំបងលើការ ធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងទិសដៅបង្កើន ផលិតភាពផលិតកម្មធានា បាននូវបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមស្តង់ដា និងនិយាម ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក។
ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមហ៊ុននូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១៖ បង្កើនការយកចិត្តទុកដាក់ និងត្រូវពន្លឿនការងារអនុវត្ត លើផែនការសកម្មភាពចំបងៗ របស់ក្រុមហ៊ុនដែលបានឯកភាពជាមួយក្រសួង ធ្វើយ៉ាងណាជំរុញការងារដាំដុះ និងនាំចេញកសិផលស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
២៖ ក្រុមហ៊ុនគួរសហការ ជាមួយក្រុមហ៊ុនក្នុងស្រុកសហគមន៍កសិកម្ម និងកសិករនៅជុំវិញតំបន់នេះ ដែលមានលទ្ធភាព ដើម្បីធ្វើការដាំដុះដំណាំ ដែលមានសក្តានុពលលើទីផ្សារនាំចេញ ដោយត្រូវអនុវត្តការធ្វើកសិកម្ម តាមកិច្ចសន្យា ហើយចំណុចនេះ ក្រុមហ៊ុនគួរតែសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីសិក្សាពីនីតិវិធីច្បាប់ និងបច្ចេកទេសឲ្យបានសមស្រប។
៣៖ អនាគតក្រុមហ៊ុនគួរតែសិក្សា ពីលទ្ធភាពបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ជាពិសេសផ្សព្វផ្សាយពូជដំណាំសុទ្ធល្អ ដូចជាចេកអំបូងលឿង ស្វាយចន្ទី និងម្រេច សម្រាប់បម្រើឲ្យសេចក្តីត្រូវការទាំងពូជ និងបច្ចេកទេសរបស់សហគមន៍នៅក្នុងតំបន់នេះ។
៤៖ ចំពោះផែនការចង់ប្រែក្លាយតំបន់នេះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើនិងសត្វព្រៃ លោករដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនចាំបាច់ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ។
៥៖ ក្រុមហ៊ុនត្រូវសិក្សាពីលទ្ធភាពដាំឈើឧស្សាហកម្ម ដែលជាគម្របព្រៃឈើ ធ្វើយ៉ាងណាដើម្បីរក្សាបានតុល្យភាព នៃការបាត់បង់ព្រៃដោយសារការអភិវឌ្ឍ និងការដាំដុះឈើឡើងវិញ ឲ្យមាននិរន្តរភាព៕