(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកោតសរសើដល់ដំណើរការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដោយចាត់ទុកថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ខណៈសន្តិសុខ និងសុវត្ថិភាពត្រូវបានធនាយ៉ាងល្អជូនប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។
ការប្រកាសគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត នៅកម្ពុជានៅពេលនេះ បានធ្វើឡើងចេញពីមាត់ផ្ទាល់របស់លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ។
នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាថ្មី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា បានបង្ហាញឲ្យឃើញ ពីសកម្មភាព នៃការរៀបចំប្រព្រឹត្តិទៅប្រកបដោយ សន្តិសុខ សុវត្ថិភាពយ៉ាងល្អជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។ លោកបានបញ្ជាក់ថា ស្ថានភាពប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស្របពេលដែលលោក បានមកបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា។
លោក ឃួង ស្រេង បានលើកឡើងពីភាពជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦កន្លងទៅនេះ ដោយមិនបានបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ចំពោះការរស់នៅ ក៏ដូចជា ការប្រកបអាជីវកម្មផ្សេងៗ ខុសពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នំា២០១៣ ដែលទាំងនេះ គឺបានកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំដើម្បីបំរើប្រជាជន និងប្រទេសជាតិ។
សូមបញ្ជាក់ថា យោងតាមលទ្ធបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា បានគូសបញ្ជាក់ថា អត្រាប្រជាពលរដ្ឋដែលបានចេញ ទៅបោះឆ្នោត មានចំនួនរហូតដល់ទៅជាង ៨៣ភាគរយ។ ដំណើរការបោះឆ្នោតនេះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពី ៥២ប្រទេសសុទ្ធតែបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំដ៏ល្អប្រសើរនៃដំណើរការបោះឆ្នោត។
ដំណើរការ នៃការបោះឆ្នោតត្រូវបានប្រទេសជាមិត្ត ក៏ដូចជា គណបក្សនយោបាយជាច្រើន បានចេញមកអបអរសាទរចំពោះជោគជ័យនៃដំណើរការបោះឆ្នោត ក៏ដូចជាអបអរសាទរចំពោះ ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ ប្រទេសដែលអបអរសាទរមានដូចជាប្រទេសចិន រុស្ស៊ី ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ និងវៀតណាម ក្នុងនោះ គណបក្សនយោបាយរបស់លោក ស៊ិន ហ៊្សូអាបេ កំពុងដឹកនាំរដ្ឋាភិបាលជប៉ុន ក៏បានចេញមកអបអរសាទរលទ្ធផលឆ្នោត និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
នៅក្នុងជំនួបនេះដែរ លោក ឃួង ស្រេង បានជម្រាបជូនពីការរីកចំរើនរបស់រាជធានីភ្នំពេញ ជាមួយនិងការកើនឡើង នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តាមរយៈការមកបណ្តាក់ទុនវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះក៏មានកំណើនប្រជាជនមករស់នៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះ មានប្រមាណជិត៣លាននាក់កំពុងរស់នៅ។ ទាក់ទងនិងការរីកចំរើននេះដែរ លោកអភិបាលក្រុង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងជួបប្រទះ ដូចជា៖ បញ្ហាចរាចរណ៍ បញ្ហាសំរាម និងបញ្ហាបរិស្ថាន ដែលទាមទារឲ្យ មានការដោះស្រាយ។
ឯកអគ្គរដ្ឋទូតថ្មីរូបនេះ ក៏បានបញ្ជាក់ទៀតថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការរទូត ជាពិសេសបន្តជម្រុញឱ្យមានការមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ឥណ្ឌូនេស៊ី និងកម្ពុជា នឹងសហការគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាទកោះពេជ្រ ដោយមានជាង១០០ក្រុមហ៊ុន មកធ្វើការដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន៕