(បាត់ដំបង)៖ លោក តូច ឈួនសៅរិទ្ធ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបងថ្មី ជំនួសលោក សំបូរ ផូ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៨នេះ នៅសាលប្រជាសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង មន្ទីរស្ថាប័នរដ្ឋនានានៅជុំវិញខេត្ត មន្រ្តីមន្ទីរឧស្សាហកម្មនិងសិប្បកម្មជាច្រើនរូបទៀត។
លោក តូច ឈួនសៅរិទ្ធ ដែលទើបទទួលការតែងតាំងថ្មី បានឡើងមានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តដឹកនាំស្ថានប័ននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវាឱ្យបានលឿន រហ័សជូនប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោក ងួន រតនៈ បានសង្កត់ធ្ងន់ថា ក្នុងនាមក្រសួងជំនាញ ត្រូវបានពង្រឹងការងារនានា ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មលើវិស័យឯកជន នៅតាមបណ្តាសិប្បកម្ម សហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្តបាត់ដំបង ដែលបានផលិតទំនិញគ្រប់ប្រភេទ សូមឱ្យមានការវេចខ្ចប់មានអនាម័យខ្ពស់តាមស្តង់ដា ដែលអាចទទួលយកបានធានាគុណភាព មិនធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឡើយ។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ដោយឡែកបណ្តាញទឹកស្អាតវិញ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ធ្វើឱ្យបានដល់ផ្ទះប្រជាពលរដ្ឋ នៅតាមជនបទនាពេលខាងមុខនេះ។ នៅក្នុងអណត្តិទី៦នេះ រាជរដ្ឋាភិបាលថ្មីបានដាក់ទិសដៅកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីគាំពារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយើង នៅគ្រប់ទិសទីទាំងនៅទីក្រុង និងជនបទដើម្បីកាត់បន្ថយការលំបាកចាកចេញពីភាពក្រីក្រ របស់ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើឡើងតទៅ៕