(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ នៅព្រឹកទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅ ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជាទទួលបានយ៉ាងច្រើនលើសលុប នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យ៉ាងច្រើនកុះករ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោត គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ក្នុងការជ្រើសរើសមេដឹកនាំប្រទេស និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជា ដើម្បីបន្តនិរន្តរភាព ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់៕