(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី បានសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ ទន្ទឹងនឹងការអបអរសាទរលោកវេជ្ជបណ្ឌិត បានចាត់ទុកការបោះឆ្នោតនេះបានដំណើរការទៅយ៉ាងល្អឥតខ្ចោះ។
ការកោតសរសើរ និងអបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងក្នុងពេលលោកវេជ្ជបណ្ឌិត ក្រាសិ ចាន់ណាវង្ស ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ចាន់ណាវង្ស ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានអបអរសាទរកម្ពុជា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតកន្លងទៅនេះ។
សូមបញ្ជាក់ថា យោងតាមលទ្ធបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា បានគូសបញ្ជាក់ថា អត្រាប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានចំនួនរហូតដល់ទៅជាង ៨៣ភាគរយ។ ដំណើរការបោះឆ្នោតនេះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពី ៥២ប្រទេសសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អប្រសើរនៃដំណើរការបោះឆ្នោត។
ដំណើរការនៃការបោះឆ្នោតត្រូវបានប្រទេសជាមិត្ត ក៏ដូចជាគណបក្សនយោបាយជាច្រើនបានចេញមកអបអរសាទរចំពោះជោគជ័យនៃដំណើរការបោះឆ្នោត ក៏ដូចជាអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ ប្រទេសដែលអបអរសាទរមានដូចជាប្រទេសចិន រុស្ស៊ី ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ និងវៀតណាម ក្នុងនោះគណបក្សនយោបាយរបស់លោក ស៊ិន ហ៊្សូអាបេ កំពុងដឹកនាំរដ្ឋាភិបាលជប៉ុន ក៏បានចេញមកអបអរសាទរលទ្ធផលឆ្នោត និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកព័ត៌មានឲ្យដឹងដែរថា ក្នុងជំនួបនោះ លោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ពីគោលបំណងក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធប្រវត្តិសម្តេចតេជោ និងក៏បានរាយការណ៍ជូនសម្តេចអំពីមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ីផង និងជូនអាហារូបករណ៍ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញបំណងបង្កើតសាខាសាលកវិទ្យារបស់លោកនៅកម្ពុជា។
សម្តេចក៏បានថ្លែងអណរគុណចំពោះលោក ចាន់ណាវង្ស ដែលយកចិត្តទុកដាក់ចង់ចងក្រងអំពីប្រវត្តិរបស់សម្តេច ហើយក៏ជម្រាបជូនលោក ចាន់ណាវង្ស អំពីការត្រៀមរបស់កម្ពុជាក្នុងនាមជាសមាជិករបស់មជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី នោះគឺសភាកម្ពុជា បានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាហើយ ក្នុងការចូលរួមជាសមាជិក ហើយកម្ពុជាក៏មានគណៈកម្មាធិការបង្កាគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះ អាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយនេះ។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ជាសមាជិករបស់គណៈកម្មាធិការមួយនេះ។
ចំពោះការផ្តល់អាហារូបករណ៍ សម្តេចតេជោបានអរគុណចំពោះ លោក ចាន់ណាវង្ស និងបានចាត់ទុកនេះ ជាកត្តាសំខាន់ចំពោះកម្ពុជា ព្រោះកម្ពុជាកន្លងមកទទួលបានជោគជ័យ ដោយសារតែការបណ្តុះបណ្តាល លើធនធានមនុស្សបានល្អៗនេះឯង។
សម្តេចបានអរគុណ ចំពោះការផ្តល់ជូនអាហារូបករណ៍ចំនួន ១០កន្លែង និងបានស្វាគមន៍ចំពោះបំណងបង្កើតសាខាសាកលវិទ្យាល័យរបស់លោក ចាន់ណាវង្ស នៅកម្ពុជា៕