(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើការចុះត្រួតពិនិត្យកម្លាំង និងមធ្យោបាយសម្ភារគ្រឿងបំពាក់ ដើម្បីត្រៀមអន្តរាគមន៍ ក្នុងកិច្ចការធានាលើការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការពារដាច់ខាតការប៉ុនប៉ងណាមួយ ទៅលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបានបោះឆ្នោត គាំទ្រកន្លងទៅ។

លើសពីនោះទៅទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីប្រតិបត្តិការបានទាល់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដូចជា ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះ។ ការចុះត្រួតពិនិត្យកម្លាំង និងមធ្យោបាយសម្ភារគ្រឿងបំពាក់នេះ បានរៀបចំធ្វើឡើងនាបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានឲ្យដឹងថា ការចុះពិនិត្យបែបនេះ គឺអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល។

មេអាវុធហត្ថខេត្តកណ្ដាលរូបនេះ បានបន្ដថា លោកទាំងពីរតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសនៅពេលនេះយកចិត្តទុកដាក់ខ្ពស់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យនាពេលនេះ គឺដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ មានភាពងាយស្រួល ក្នុងការចេញកម្លាំងរក្សាសន្តិសុខ សណ្តាប់ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់៕