(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា បើកម្ពុជាគ្មានសុខសន្តិភាព និងមានសេដ្ឋកិច្ចរីកចម្រើនទេ ក៏គ្មានកំណើននៃសាសនិកឥស្លាមសព្វថ្ងៃ ដែលមានលទ្ធភាពទៅប្រារព្ធពិធីបុណ្យហាជ្ជ ចេះតែមានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំនោះដែរ។
ការថ្លែងបែបនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ និងលោកស្រី អញ្ជើញជូនដំណើរបងប្អូនសាសនិកឥស្លាម ដែលចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជចំនួន១២៦នាក់ ក្នុងនោះមាន១០នាក់ អញ្ជើញតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាការឧបត្ថម្ភរបស់សប្បុរសជនអារ៉ាប់រួមអេមីរ៉េត តាមស្ថានទូតអារ៉ាប់រួមអេមីរ៉េត ប្រចាំទីក្រុងបាងកក និង៣នាក់ទៀតឧបត្ថម្ភដោយលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់បងប្អូន ដែលកាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីរតិកាលទី៦ កន្លងផុតទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ថ្មីៗនេះ គឺជនរួមជាតិនិយាយជារួម និងបងប្អូនខ្មែរឥស្លាមនិយាយដោយឡែក បានសម្រេចចិត្តដ៏ត្រឹមត្រូវទាំងទឹកចិត្ត និងឆន្ទៈក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាច្រើនលើសលុប ហើយនាំមកនូវជ័យជម្នះជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បន្តជានាយករដ្ឋមន្រ្តី ដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៀត។
លោកក៏បានកោតសរសើរ ដែលសំឡេងបងប្អូនគាំទ្រ គណបក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា ឡើងដល់កម្រិតជាមធ្យមទូទាំងប្រទេស ជិតដល់ទៅ៩០ភាគរយឯណោះ។ ក្នុងនាមថ្នាក់ដឹកនាំ លោកបានជូនពរដល់ប្អូនដែលចេញដំណើរ សូមទទួលបានសុខសុវត្ថិភាព និងបានទទួលនូវការតបស្នងសងគុណ នូវផលបុណ្យលើសលប់ ក្នុងប្រតិបត្តិការណ៍បុណ្យហាជ្ជ ដែលបងប្អូនបានលះបង់ទាំងពេលវេលា និងថវិកាដើម្បីចូលរួមក្នុងពិធិប្រារព្ធពិធីបុណ្យដ៏មានសារសំខាន់នេះ។
សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ អ្នកដែលបានចេញដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីប្រារព្ធពិធីបុណ្យហាជ្ជ គឺបានចំនួនជិត១,០០០នាក់ហើយ ក្នុងចំណោម១០០៨នាក់ ខណៈនៅថ្ងៃទី១៣ សីហា ២០១៨ គឺជាជើងហោះហើរក្រុមចុងក្រោយបង្អស់ ដែលនឹងចេញដំណើរប្រមាណ៤០នាក់ទៀត៕