(កំពង់ចាម)៖ លោក ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងលោកស្រី ណាល់ សុខអៀន, លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូនចំពោះសមាជិក ក្រុមការងារ និងប្រជាពលរដ្ឋឃុំទងត្រឡាច ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួលបានលទ្ធផល យ៉ាងត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកឧកញ៉ា ជា លាងហុង និងលោកឧកញ៉ា ឡូវ សុខសាន បាននាំនូវសារថ្លែងអំណរគុណពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន។
ពិធីអបអរសាទរនៃជ័យជម្នះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន និងការអភិវឌ្ឍន៍ ដែលការចូលរួមពីសំណាក់ព្រះគ្រូចៅអធិវត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ថែមពីនេះលោក ឡូវ ហ៊ឹង ក៏បានគូសបញ្ជាក់ឲ្យ ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ ដោយឡែក មន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិឃុំមានសុវត្ថិភាព ជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូចបងធំ និងក្រុមក្មេងទំនើង។
ជាមួយគ្នានេះ លោក ឡូវ ហ៊ឹង បានបញ្ជាក់ថា សាលាបឋមសិក្សា ខ្ទឹង០១ខ្នងប្រក់ក្រឿង ដែលបានកំពុងសាងសង់ប្រមាណ៦០ភាគរយ ហើយនិងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងគោលបំណងឲ្យចៅៗក្មួយៗ បានចូលរៀនក្នុងពេលឆាប់នេះផងដែរ។
ជាចុងបញ្ចប់ លោក ឡូវ ហ៊ឺង និងក្រុមការងារ រួមទាំងប្រជាពលរដ្ឋជាច្រើនកុះករ បានចូលរួមពិសារបបរសាមគ្គី រួមទាំងមានការប្រគុំតន្រ្តី ក្នុងពិធីអបអរសាទរនៃជ័យជម្នះទទួលលទ្ធផលយ៉ាងល្អប្រសើរ៕