(ភ្នំពេញ)៖ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចំការចេកអំបូងលឿង និងកន្លែងវេចខ្ចប់ចេក នៅក្នុងប្រទេសកម្ពុជា ដែលមានបំណងធ្វើការនាំចេញទៅកាន់ប្រទេសចិន សូមរូតរះមកបំពេញបែបបទចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីវាយតម្លៃ និងណែនាំបន្ថែម រួចផ្ញើទៅកាន់ភាគីចិន ដើម្បីសុំការទទួលស្គាល់ ងាយស្រួលក្នុងការនាំចេញ។
ការអំពាវនាវរបស់លោក ហ៊ាន វណ្ណហន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីប្រទេសចិន ទើបតែបានចុះកិច្ចព្រមព្រៀងបើកទ្វារ ចំហរឲ្យកម្ពុជាអាចនាំចូលចេកអំបូងលឿង ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។
ទន្ទឹមនឹងការអំពាវនាវនេះ ក៏មានព័ត៌មានមួយចំនួន បានយល់ច្រឡំ ដោយបានដកស្រង់សំដីលោក ហ៊ាន វណ្ណហន ខុសផងដែរ ដោយលើកឡើងថា ក្រសួងកសិកម្មចាប់បង្ខំឲ្យម្ចាស់កសិដ្ឋានដំណាំហូបផ្លែទាំងអស់នៅកម្ពុជា ត្រូវមកចុះបញ្ជីនៅក្រសួងកសិកម្ម ប៉ុន្តែមិនមែនដូច្នេះទេ គឺអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មគ្រាន់តែអំពាវនាវដល់ម្ចាស់ចំការចេកមួយមុខប៉ុណ្ណោះ ដែលមានបំណងចង់នាំចេញទៅចិន ឲ្យមកចុះបញ្ជីដើម្បីងាយស្រួលនាំចេញ ដូចករណីនាំចេញអង្ករទៅប្រទេសចិនផងដែរ។
លោក ហ៊ាន វណ្ណហន បញ្ជាក់ថា «មិនមែនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាមទារឲ្យម្ចាស់ចំការដំណាំហូបផ្លែមកចុះបញ្ជីនោះទេ។ ការពិត គឺការអំពាវនាវ ឬការជូនដំណឹងចំពោះម្ចាស់ចំការចេក និងកន្លែងវេចខ្ចប់ចេក [មានតែចេកអំបូងលឿង ដែលមានគុណភាពអាចនាំចេញបាន] ដែលមានបំណងធ្វើការនាំចេញចេករបស់ខ្លួន ទៅកាន់ទីផ្សារនៃប្រទេសចិន [បើមិនចង់មិនបាច់ទេ] ឲ្យសូមអញ្ជើញរូតរះ មកបំពេញបែបបទចុះបញ្ជី សុំការវាយតំលៃទទួលស្គាល់ ដើម្បីអង្គភាពជំនាញ គឺអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វាយតំលៃបឋម ផ្តល់ការណែនាំបន្ថែម រួចផ្ញើទៅសុំសមត្ថកិច្ចចិន ទទួលស្គាល់ [បើយឺតមានតែចាំជំហានទី២ ដែលរយៈពេលពីជំហ៊ានមួយ ទៅជំហ៊ានមួយ អាចត្រូវរងចាំរាប់ឆ្នាំ ដូចករណីវាយតំលៃរោងម៉ាស៊ីនកិនស្រូវ] តាមការកំណត់ ឬលក្ខខ័ណកំណត់ នៃពិធីសារដែលបានចុះហត្ថលេខា កាលពីថ្ងៃ២សីហាកន្លងមកនេះ។ បានន័យថា ចិនកំណត់ឲ្យធ្វើបែបនេះ ដើម្បីធានាឲ្យប្រាកដថា ចេកកម្ពុជាដែលនាំទៅចិននោះ នឹងមិនមាន បន្សំដោយសារធាតុបង្កគ្រោះថ្នាក់ ដល់សុខភាពលើសកំរិតកំណត់ និង មិនមានចំលងទៅជាមួយនូវសមាសភាពចង្រៃ ដែលហាមឃាត់ដោយប្រទេសចិន»។
សូមជម្រាបថា កម្ពុជា និងចិន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេកកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីបើកផ្លូវឲ្យផ្លែចេករបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិនបាន ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងស្វែងរកទីផ្សារជូនកសិផលរបស់កសិករ។
សូមបញ្ជាក់ថា ផលិតផលកសិកម្មកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន នាឆ្នាំ២០១៧ មានអង្ករមានចំនួនជិត ២០០ពាន់តោន ផលិតផលដំឡូងមីក្រៀម និងម្សៅសរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣,៣៤០តោន ស្ករអំពៅមានចំនួន ១៤.៩៤០តោន និងផលិតផលកសិកម្មមួយចំនួនទៀត៕