(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់, របួសស្រាល៦នាក់ របួសធ្ងន់ចំនួន១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្ដធុនធំ៤គ្រឿង, រថយន្ដធុនតូច១១គ្រឿង, អ្នកថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, កត្ដាយាន និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍ កើតឡើងចំនួន៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥០នាក់, របួសស្រាល៤៤នាក់ និងរបួសធ្ងន់៨១នាក់៕