(សៀមរាប)៖ ដើមឈើគ្រញូង១ដើម ទំហំមុខកាត់ជិត៤០តឹក (៤០សង់ទីម៉ែត្រ) នៅក្នុងរមណីដ្ឋានអង្គរ ត្រូវបានជនមិនស្គាល់មុខលួចកាប់ បម្រុងដឹកយកទៅលក់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច យកដើមគ្រញូងនោះទៅរក្សាទុកនៅទីសុវត្ថិភាព។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១២ ខែសីហានេះថា កូនឈើគ្រញូងមួយដើម ដែលត្រូវបានជនមិនស្គាល់មុខលួចកាប់ នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។
ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នេះ ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងបានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព។
បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួលពីភាគីពាក់ព័ន្ធ ដើមគ្រញូងដែលគេលួចកាប់នោះ បានយកទៅរក្សាទុកនៅស្នាក់ការតំបន់ការពារឧទ្យានអង្គរ របស់មន្ទីបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី១០ ខែសីហា។
លោក ស៊ិន ពិសី បានបញ្ជាក់ផងដែរថា ក្រោយដឹងហេតុការណ៍នៅយប់ថ្ងៃទី៨ ខែសីហាមកនោះ ភាគីពាក់ព័ន្ធបានសហការយ៉ាងយកចិត្តទុកដាក់ ដោយបានប្រើកម្លាំងយាមត្បាតជាប់រហូត ព្រោះបារម្ភខ្លាចក្រុមជនខិលខូច ចូលមកដឹកជញ្ជូនឈើដែលកាប់រួច។
លោក ស៊ិន ពិសី បន្ថែមថា គ្រញូងដែលត្រូវគេលួចកាប់នោះ មានទំហំមិនធំប៉ុន្មានទេ គឺមានមុខកាត់ជិត ៤តឹក ឯបណ្តោយជាង ២ម៉ែត្រប៉ុណ្ណោះ (កន្លែងដែលមានតម្លៃ)។
លោកបញ្ជាក់ទៀតថា ភូមិសាស្រ្ដដែលជនមិនស្គាល់មុខលួចកាប់នោះ គឺចុះពីផ្លូវកៅស៊ូប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ តែវានៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិបន្ដិច ណាមួយយប់ដែលកាប់នោះ មានភ្លៀងធ្លាក់ពេញមួយយប់ផងដែរ ដែលជាឱកាសសម្រាប់ក្រុមអ្នករកស៊ីគ្រញូង៕