(ភ្នំពេញ)៖ អនុប្រធានគណៈពង្រឹងស្រុកស្អាង និងជាប្រធានគណៈពង្រឹងឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល លោក ជា រតនា បានពាំនាំយកថវិកាចំនួន ២០លានរៀល របស់លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រធានគណពង្រឹងស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងបានឧបត្ថម្ភបន្ថែមទឹកប្រាក់ ២០លានរៀលទៀត ដើម្បីយកទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធ រួមទាំងថវិកាចំនួន ៤៥០០ដុល្លារទៀត សម្រាប់ជួយតបណ្ដាញអគ្គិសនីទាំង៩ភូមិ ក្នុងឃុំតាលន់ទាំងមូល ។
ក្នុងជំនួបជាមួយសមាជិក សមាជិកា គណៈពង្រឹងមូលដ្ឋាន និងពិសាអាហារសាមគ្គី នៅសណ្ឋាគារសាន់&មូន នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ជា រតនា ក៏បានបង្ហាញគម្រោងនានាឆ្លើយតបតម្រូវការអភិវឌ្ឍនៅឃុំតាលន់ និងឧបត្ថម្ភដល់សមាជិកបក្សដែលបានអញ្ជើញចូលរួមម្នាក់ៗ ចំនួន៤ម៉ឺនរៀល និង១លានរៀល ជូនដល់សមាជិកបក្សដែលមានជំងឺមិនបានចូលរួមផងដែរ ។
លោក ជា រតនា បានថ្លែងថា «ក្នុងនាមលោក ទេសរដ្ឋមន្ដ្រី និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់សមាជិកបក្សទាំងអស់ និងដោយឡែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋទាំង៩ភូមិក្នុងឃុំ តាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ដែលបានបោះឆ្នោតយ៉ាងច្រើនលើសលុបគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់អណត្ដិទី៦ ឆ្នាំ២០១៨នេះ» ។
សូមជម្រាបថា បើទោះបីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផ្លូវការមិនទាន់ចេញយ៉ាងណាក្តី តែគម្រោងអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅក្នុងឃុំតាលន់ មិនបានរង់ចាំតាមលទ្ធផលនោះឡើយ ពោលត្រូវបានលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងក្រុមការងារគណៈពង្រឹងមូលដ្ឋាន ក៏នៅតែដាក់ចេញនូវទិសដៅការងារ អភិវឌ្ឍភូមិឃុំ ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ៕