(ព្រៃវែង)៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ភាគរយ បានចេញទៅបោះឆ្នោត ក្នុងនោះមានប្រជាជនចំនួន ៤,៨៨៩,១១៣នាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះដ៏ល្អត្រចះត្រចង់ពុំធ្លាប់មានកន្លងមក ក្រុមកាងារចុះជួយស្រុកបាភ្នំដែលដឹកនាំដោយ លោក ព្រុំ សុខា បានរៀបចំបែងចែកកំលាំងគ្នាចុះទៅតាមផ្ទះប្រជាពលរដ្ឋប្រមាណជាង១៩,០០០ខ្នងផ្ទះ តាមភូមិទាំង១០៨ ក្នុងឃុំទាំង៩ នៅទូទាំងស្រុក ដើម្បីថ្លែងអំណរគុណដល់ការរួមចំណែកដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំទាំងមូលចំពោះជោគជ័យរួមរបស់ប្រជាជាតិ និងគណបក្សប្រជាជនកម្ពុជា (សូមបញ្ជាក់ថាស្រុកបាភ្នំមានប្រជាពលរដ្ឋចំនួនជាង ៨៤ភាគរយ បានចូលរួមបោះឆ្នោតក្នុងនោះអ្នកដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនមានចំនួន ៣២,២៤០នាក់)។
ក្នុងការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនេះ ក្រុមការងារបានពាំនាំនូវអំណរគុណពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អមដោយប័ណ្ណថ្លែងអំណរគុណរបស់ក្រុមការងារស្រុក និងអំណោយកំដរដៃតិចតួចតាមលទ្ធភាពក្រុមនីមួយៗជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ។
គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមការងារចុះតាមឃុំទាំង៩ រួមជាមួយគណបក្សមូលដ្ឋានឃុំ គណៈសាខាបក្សភូមិ និងក្រុមបក្ស ព្រមទាំងសកម្មជនគណបក្សបានចុះជួបថ្លែងអំណរគុណប្រជាពលរដ្ឋផ្ទាល់នៅតាមខ្នងផ្ទះបានប្រមាណ៤០ភាគរយ ហើយក្នុងកិច្ចប្រជុំការងារនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមការងារបានប្តេជ្ញាបន្តជំរុញយុទ្ធនាការថ្លែងអំណរគុណអ្នកបោះឆ្នោតតាមខ្នងផ្ទះឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែសីហានេះ។
ក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារស្រុកបាភ្នំក៏បានពិភាក្សាឯកភាពគ្នាលើផែនការសកម្មភាពក្នុងការរៀបចំការជួបផ្ទាល់ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកដែលប៉ាន់ស្មានមានចំនួនប្រមាណ ២០,០០០នាក់ ដើម្បីថ្លែងអំណរគុណចំពោះពួកគេ ដែលបានវិលត្រឡប់មកស្រុកភូមិកំណើត ដើម្បីចូលរួមបោះឆ្នោត និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ចំពោះការថ្លែងអំណរគុណបងប្អូនចំណាកស្រុកនេះ ក្រៅពីការខិតខំដើម្បីបានជួបផ្ទាល់ជាមួយពួកគាត់ ក្រុមការងារបានប្តេជ្ញារិះរកវិធីស្រង់ទិន្នន័យ ឈ្មោះ អាស័យដ្ឋានជាក់លាក់ដើម្បីផ្ញើលិខិតថ្លែងអំណរគុណឱ្យបានដល់ដៃបងប្អូនទាំងនោះគ្រប់ៗគ្នា។
យុទ្ធនាការនេះត្រូវបញ្ចប់ក្នុងកម្មវិធីជួបសំណេះសំណាលដែលរៀបចំជារៀងរាល់ឆ្នាំ ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក និងជូនលិខិតថ្លែងអំណរគុណផ្ទាល់ចំពោះពួកគាត់ ដែលភាគច្រើនលើសលប់នឹងត្រូវឈប់សម្រាកវិលត្រឡប់មកស្រុកភូមិវិញ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីនៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។
ជារួមយុទ្ធនាការថ្លែងអំណរគុណអ្នកបោះឆ្នោតនេះ កំពុងដំណើរការជាមួយសកម្មភាពសស្រាក់សស្រាំជាប្រចាំរបស់មូលដ្ឋានភូមិឃុំក្នុងស្រុកបាភ្នំទាំងមូល ដើម្បីការពារលទ្ធផលបោះឆ្នោត ការពាររាល់សមិទ្ធផលរបស់គណបក្សឱ្យបានគង់វង្ស ហើយប្រែក្លាយជោគជ័យដ៏ត្រចេះត្រចង់នេះទៅជាសកម្មភាព និងអំពើល្អ ដើម្បីបម្រើប្រជាជនឱ្យកាន់តែបានល្អប្រសើរថែមទៀត រួមចំណែកពង្រឹងធ្លុងសាមគ្គីឯកភាពជាតិកាន់តែរឹងមាំ បន្តរក្សាសន្តិភាព ស្ថិរភាព និងជំរុញការកសាងអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅកាន់អនាគតរុងរឿងរបស់យើងទាំងអស់គ្នាក្នុងជំនាន់នេះ និងកូនចៅជំនាន់ក្រោយទៀត៕