(ភ្នំពេញ)៖ លោក ខាន់ សាវឿន ដែលពីមុនជាអនុប្រធានគណបក្សរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បាននិងកំពុងបន្តចុះតាមមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីលុបរូបលោកពីស្លាក គណបក្សរួបរួមជាតិ ដោយសារតែលោកនាពេលបច្ចុប្បន្ននេះ ពោលតាំងពីមុនបោះឆ្នោតមកនោះ គឺបានប្រកាសដើរចេញពីគណបក្សរួបរួមជាតិ មកចុះចូលដើម្បីរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ដើម្បីកុំឲ្យមានការភាន់ច្រឡំបន្តទៀត លោកនិងក្រុមការងារ បានចុះលុបរូបលោកចេញពីស្លាកគណបក្សដោយខ្លួនឯងតែម្តង។
ជាក់ស្តែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ, លោក ខាន់ សាវឿន និងលោក ឈឹម សាខន ដែលត្រូវបានចាត់តាំងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ទទួលបន្ទុកចុះជួយស្រុថ្មពក់ និងស្រុកភ្នំស្រុក បានបន្តចុះលុបរូបលោក ខាន់ សាវឿន ពីស្លាកគណបក្សខ្មែររួបរួមជាតិ។
ក្នុងការចុះលុបរូបពីស្លាកគណបក្សខ្មែររួបរួមជាតិនេះ លោក ខាន់ សាវឿន ដែលរួមដំណើរជាមួយ លោក សេរី កុសល និងសហការី ក៏បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងត្រចេះត្រចង់។ ក្រុមការងារទាំងមូល ក៏បានចូលរួមថវិកាមួយចំនួន ដើម្បីកសាងសាលាបុណ្យ តាមភូមិមួយចំនួននៅស្រុកថ្មពក់ ខេត្តបន្ទាយមានជ័យ ផងដែរ។
សូមជម្រាបថា លោក ខាន់ សាវឿន និងលោក ឈឹម សាខាន តែងតែបានរួមដំណើរជាមួយ លោកទេសរដ្ឋមន្រ្តី សេរី កុសល ចុះយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ និងដើរលុបរូបលោកចេញពីស្លាកសញ្ញាគណបក្សខ្មែររួបរួមជាតិ នៅខេត្តបន្ទាយមានជ័យ និងលើកទឹកប្រជាពលរដ្ឋដែលស្រលាញ់គាំទ្រ លោក ខាន់ សាវឿន ឲ្យមកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាវិញ។
មូលហេតុដែលចេញពីគណបក្សខ្មែររួបរួមជាតិ លោក លោក ខាន់ សាវឿន បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោទេ ដែលអាចរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង រស់នៅដោយសប្បាយរីករាយ មិនមានការភ័យខ្លាចដូចអតីតកាល៕