(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅក្នុងស្រុកមុខកំពូល។
លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការខិតខំយ៉ាងសស្រាក់សស្រាំបំផុត ពីសំណាក់មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបាននាំមកនូវជោគជ័យដ៏ត្រចះត្រចង់បំផុត ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ កន្លងទៅនេះ ទាំងក្នុងក្របខណ្ឌស្រុកមុខកំពូល និងទាំងក្នុងក្របខណ្ឌកណ្តាល ក៏ដូចជាក្នុងក្របខណ្ឌទូទាំងប្រទេសទាំងមូល។ ទន្ទឹមនឹងនេះ អាត្រាអ្នកទៅបោះឆ្នោត គឺមានកម្រិតខ្ពស់បំផុត ហើយដំណើរការនៃការបោះឆ្នោត ក៏បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយ តម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ទោះបីមានក្រុមមនុស្សមួយចំនួន បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំង រំខាន អុកឡុក ក្រឡុក បង្ខូច និងបំផ្លាញការបោះឆ្នោតក្តី។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ជ័យជម្នះដ៏ត្រចះត្រចង់នេះ មិនមែនត្រឹមតែជាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាទេ តែនេះក៏ជាជ័យជម្នះរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិយើងទាំងមូលផងដែរ។ លទ្ធផលនៃការបោះឆ្នោតនេះ ក៏បានបង្ហាញពីឆន្ទៈដ៏ច្រើនលើសលប់របស់ប្រជាជនកម្ពុជា ដែលបានចង់បានសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ សម្លេងគាំទ្រដ៏ច្រើនលើសលប់ហួសពីការស្មាននេះ គឺជាការបុកគ្រឹះរឹងមាំសម្រាប់ឱ្យគណបក្ស ឈានទៅដណ្តើមជ័យជម្នះ និងអាចបន្តដឹកនាំប្រទេសយ៉ាងតិចនៅក្នុងរយៈពេលពី ១០ ទៅ ២០ឆ្នាំខាងមុខទៀត ដើម្បីធ្វើឱ្យប្រទេសជាតិមានសន្តិភាពយូរអង្វែង និងមានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរុងរឿង ដូចបណ្តាប្រទេសជឿនលឿនដទៃទៀត។
លោកបានលើកឡើងថា ការទទួលបាននូវជ័យជម្នះដ៏ធំធេងនេះ គឺដោយសារកត្តាធំៗមួយចំនួន ដែលរួមមាន៖
ទី១៖ ការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គួបផ្សំជាមួយនឹងសមិទ្ធផលអភិវឌ្ឍន៍រាប់មិនអស់ និងការដោះស្រាយបញ្ហាជាក់ស្តែងនានាជូនប្រជាជន ជាពិសេសពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលរបស់គណបក្សដោយផ្ទាល់។
ទី២៖ ស្ថានភាពសេដ្ឋកិច្ចដ៏ល្អប្រសើរ ដែលឆ្លុះបញ្ចាំងបានតាមរយៈ ការទ្រទ្រង់បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ។
ទី៣៖ ការធានារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។
ទី៤៖ កត្តាផ្សេងៗទៀត ជាពិសេសការខិតខំរបស់មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ ក្នុងស្មារតីម្ចាស់ការ, ការទទួលខុសត្រូវ, សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ហើយស្រុះដៃគ្នាជាធ្លុងមួយ ជាដើម។
លោក វង្សី វិស្សុត ផ្តាំផ្ញើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនត្រូវមានភាពត្រេកត្រអាល និងភ្លេចខ្លួចនោះទេ ព្រោះការផ្តល់ការគាំទ្រដ៏ច្រើនលើសលប់នេះ គឺការផ្តល់នូវអាណត្តិកិច្ចចំនួន ៥ឆ្នាំ បន្តដល់គណបក្ស ដែលតម្រូវឱ្យសមាជិកទាំងអស់ ត្រូវបន្តធ្វើការកែទម្រង់, ការអភិវឌ្ឍនសេដ្ឋកិច្ច, ការដោះស្រាយបញ្ហាជីវភាព និងយុត្តិធម៌សង្គមដោយប្រសិទ្ធភាព ជាពិសេសត្រូវខិតខំបម្រើ និងបញ្ចេញសមិទ្ធផលជូនប្រជាជនឱ្យកាន់តែខ្លាំងក្លាទ្វេដង ដើម្បីកុំឱ្យពួកគាត់មានការខកចិត្ត និងខុសពីការរំពឹងទុក។ ក្នុងន័យនេះ លោកបានផ្តល់ការណែនាំដល់មន្រ្តីទាំងអស់ត្រូវខិតខំដោះស្រាយបញ្ហានានា ពិសេសបញ្ហាដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយរួសរាន់ពេលវេលា តាមរបៀបភ្លៀងរលឹម ឱ្យកាន់តែសកម្មជាងមុន ព្រមគ្នាជាមួយនឹងការបន្តលុបបំបាត់ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ។
ជាមួយគ្នានេះ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន រួមទាំងបញ្ហាបរិស្ថាន អនាម័យ និងសំរាមជាដើម ព្រមទាំងសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ដូចជាការជួយដល់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រដែលមានជីវភាពលំបាកខ្លាំង, ការជួយសាងសង់ផ្ទះ និងជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ និងការចូលរួមថវិកាបុណ្យសពជាដើម ដោយមិនប្រកាន់និន្នាការនយោបាយ។ លោកបានស្នើសុំ ឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវមានភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ រួមទាំងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងត្រូវរក្សាការពារឱ្យបានដាច់ខាតនូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដូចជាបឹងបួជាដើម កុំឱ្យមានការរំលោភបំពាន និងកាន់់កាប់ដោយខុសច្បាប់។
លោក វង្សី វិស្សុត បានប្រកាសអំពីការបង្កើតមូលនិធិ ដើម្បីផ្តល់សេវាការពារផ្នែកច្បាប់ពាក់ព័ន្ធនឹងបញ្ហាយុត្តិធម៌សង្គម សម្រាប់ប្រជាជនស្លូតត្រង់ នៅក្នុងស្រុកមុខកំពូល ផងដែរ៕