(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកាបក្សជិត៣ពាន់នាក់ ដែលមក ពីឃុំរអាង, ឃុំគៀនជ្រៃ, ឃុំហាន់ជ័យ, និងឃុំរំចេក ក្នុងស្រុកកំពង់សៀម ដើម្បីចូលរួមអបអរសាទរ និងថ្លែងអំណរគុណសមាជិក ចំពោះជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសសមាជិក សភាតំណាងរាស្រ្ត នីតិកាលទី៦។

នាឱកាសនោះ លោក វេង សាខុន បានពាំនាំមកជូនប្រជាពលរដ្ឋទូទាំងឃុំទាំង៤ នៃស្រុកកំពង់សៀម នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ ជានិច្ចកាលតែងតែ យកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះ លោក វេង សាខុន ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងខណៈដែលកំពស់ទឹកទន្លេឡើង ដល់កម្រិតប្រកាសអាសន្ន នៅតាមបណ្តាខេត្ត មួយចំនួន។

លោក វេង សាខុន បានកោតសរសើរ និងថ្លែងអំណរគុណ ជាអនេកជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ឈានទៅសម្រេចទទួលបានជ័យជំនះ យ៉ាងធំធេងនាពេលនេះ ពិសេសបានថ្លែងអំណរគុណ ជូនចំពោះម្ចាស់សំឡេងឆ្នោត ដែលបានគាំទ្រគណបក្សប្រជាជន។

ទន្ទឹមគ្នានោះ លោកស្នើសុំឲ្យរក្សាជ័យជំនះនេះបន្តទៀត តាមរយៈបង្កើនការយកចិត្តទុកដាក់ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំ៖

១៖ មន្រ្តីត្រូវបន្តចុះជួយពលរដ្ឋដោយស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន។

២៖ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តគោលនយោបាយទាំង៩ ចំណុចរបស់គណបក្សប្រជាជន ឲ្យបានល្អប្រសើរ។

៣៖ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសបន្តអនុវត្តគោលនយោបាយ ក៣

៤៖ ខិតខំថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីផ្តល់ឱកាសជូនរាជរដ្ឋាភិបាល បន្តដឹកនាំប្រទេសទៅរកការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។

ឆ្លៀតយកឱកាស នៃពិធីជួបជុំ និងសំណេះសំណាលនេះ លោកបានជម្រាបជូនអង្គពិធី ដោយសង្ខេបផងដែរ ពីស្ថានភាពនយោបាយទាំងក្នុង និងក្រៅប្រទេស កំណើនសេដ្ឋកិច្ចជាតិ ស្ថិរភាព និងសន្តិសុខសង្គម ទាំងក្នុងតំបន់ និងនៅទូទាំងពិភពលោក និងជាពិសេសផែនការសកម្មភាព គោលនយោបាយជាយុទ្ធសាស្រ្ត នៃការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៦នេះ៕