(កណ្តាល)៖ របាយការណ៍បានបង្ហាញថាប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ៣,២០០នាក់ បានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ ក្នុងចំណោមប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោត ៣,៣៨៣នាក់។ ក្នុងនោះគណបក្សប្រជាជនទទួលបានការបោះឆ្នោតគាំទ្ររហូតដល់ទៅ ២,៧៧៤នាក់ ស្មើនឹងជាង ៩០ភាគរយ ដែលជាចំនួនគាំទ្រដ៏ច្រើនលើសលប់សម្រាប់ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារឃុំត្បែង នាព្រឹកថ្ងៃអាទិត្យ ១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចុះថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៅទៀត។
លោកឧកញ៉ា ដែលជាអ្នកមានកំណើតកើតជានៅក្នុងឃុំត្បែងរូបនេះ បានលើកឡើងថា ការដែលនាំឲ្យប្រជាពលរដ្ឋក្នុងឃុំត្បែងចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងភ្លូកទឹកភ្លូកដីបែបនេះ ដោយតែសម្តេចតេជោ ហ៊ុន សែន ជាមេដឹកធ្វើការងារពិតជូនជាតិ និងប្រជាជន។ ជាពិសេសបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនមែនជាមេដឹកនាំដែលបានតែសន្យា ហើយពេលមានទុក្ខលំបាកក៏រត់ចោលប្រជាពលរដ្ឋដូចអ្នកនយោបាយក្បត់ប្រយោជន៍ជាតិមួយចំនួនោះទេ។
ប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ក៏បានបង្ហាញពីមូលហេតុដែលនាំឲ្យពួកគេចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ផងដែរ។ មូលហេតុដែលនាំឲ្យមានការគាំទ្រនោះ គឺការមើលឃើញសមិទ្ធផលរបស់ជាតិនាពេលបច្ចុប្បន្ន ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ភាពរឹងមាំផ្នែកសេដ្ឋកិច្ចជាតិ ជាពិសេសការនាំមកនូវអ្នកវិនិយោគបង្កើតរោងចក្រកាន់តែច្រើនបង្កើតការងារជូនប្រាពលរដ្ឋ។
លោកស្រី សាន សុភាព អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិកុកទិល ឃុំត្បែង បានថ្លែងថា ការចេញទៅបោះឆ្នោតរបស់គាត់បានធ្វើឡើងដោយឆន្ទៈ ដោយសុទ្ធចិត្តគ្មាននរណាមកបង្ខិតបង្ខំនោះឡើយ។ លោកស្រី ក៏បានបញ្ជាក់ពីមូលហេតុនាំឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជកម្ពុជាផងដែរ «ខ្ញុំបោះជូនគណបក្សប្រជាជន ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឲ្យគាត់ដឹកនាំប្រទេសកម្ពុជាយើងឲ្យរីកចម្រើនបន្តទៅទៀត។ សព្វថ្ងៃហ្នឹងមានការរីកចម្រើន ប្រជាពលរដ្ឋមានការងារធ្វើម៉្លោះហើយយើងចង់ឲ្យមានស្ថេរភាពដូចសព្វថ្ងៃអ៊ីចឹង អ៊ីចឹងពួកខ្ញុំ មិនថាខ្ញុំ មិនថាបងប្អូនកូនចៅខ្ញុំ ភូមិខ្ញុំទេ គឺរួមគ្នាមកបោះឆ្នោតគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យគាត់ជាថ្នាក់ដឹកនាំអាណត្តិនេះបន្តទៅមុខទៀត»។
បុរសវ័យចំណាស់ម្នាក់ទៀត ក៏បានអះអាងដូចនឹងលោកស្រី សាន សុភាពផងដែរ។ លោក សយ ស៊ុម អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិជ្រលង ឃុំត្បែងដែរនោះ បានលើកឡើងថា ការចេញទៅបោះឆ្នោតរបស់គាត់នៅថ្ងៃទី២៩ ខែកក្កដា កន្លងទៅ គឺបោះដោយឆន្ទៈគ្មាននរណាទៅបង្ខិតបង្ខំគាត់នោះឡើយ។
បុរសវ័យចំណាស់រូបនេះ ក៏អះអាងដោយឥតលាក់លៀមថា បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៅ។ ការបោះឆ្នោតគាំទ្រក៏ដោយសារតែរូបលោក បានឃើញការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានភាពសុខសាន្ត និងការអភិវឌ្ឍ ជាពិសេសសម្តេចតេជោ បានជួយរំដោះជីវិតរបស់លោកចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
«ខ្ញុំបោះឆ្នោតគាំទ្រគណបក្សប្រជាជន។ ខ្ញុំមិនបានរៀនជ្រៅជ្រះអីទេ ប៉ុន្តែមើលទៅតាមការជាក់ស្តែងទី១. កាលពីយើងក្រឆ្នាំ៧៩នោះ ក្នុងរបបប្រល័យពូជសាសន៍ គឺអត់មាននរណាមករំដោះយើងទេ មានតែសម្តេច និងគណបក្សប្រជាជនទេ ដែលលោកមានការរំដោះប្រជាជនឲ្យរួចពីកណ្តាប់ដៃប៉ុល ពត និងបនប្រល័យរបស់គេ។ ទី២. ក្រោយបញ្ចប់សង្គ្រាមឈ្លោះគ្នាផ្ទៃក្នុងមក សម្តេចបានរៀបចំប្រទេសជាតិ គឺស្តារគ្រប់វិស័យទាំងអស់ទាំងព្រះពុទ្ធសាសនា ក៏ដូចជាខាងសេដ្ឋកិច្ច ដើម្បីឲ្យប្រជាជនយើងបានរីកចម្រើន»។ លោក សយ ស៊ុម បញ្ជាក់បន្ថែម។
ក្រៅពីសមិទ្ធផលជាតិធំៗនេះទៅ ការអភិវឌ្ឍនៅតាមមូលដ្ឋានដូចជាប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ កសាងទីអារាម និងសាលារៀនរបស់ក្រុមការងារគណៈពង្រឹងមូលដ្ឋានក៏ជាចំណែកធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំត្បែងពេញចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ ប្រជាពលរដ្ឋក្នុងឃុំត្បែង បានលើកឡើងថា ឧកញ៉ា ទ្រី ភាព ដែលជាប្រធានគណៈពង្រឹងនៅក្នុងឃុំត្បែង បានជួយសាងសង់ជាច្រើនមានដូចផ្លូវ សាលារៀន និងទីអារាម ដើម្បីបម្រើជាប្រយោជន៍ប្រជាពលរដ្ឋក្នុងឃុំត្បែង។ ជាពិសេសតែងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូចជានៅពេលមានសមាជិកគ្រួសារទទួលមរណភាពឧកញ៉ា ទ្រី ភាព តែងផ្តល់ប្រាក់ឧបត្ថម្ភនានា។
លោកស្រី សាន សុភាព បានគូសបញ្ជាក់យ៉ាងដូច្នេះ «ឧកញ៉ា ទ្រី ភាព គាត់ជួយច្រើនណាស់។ គាត់ជាមនុស្សចេញពីឃុំត្បែង គាត់មានការងារធ្វើ គាត់មានឋានៈជាឧកញ៉ាអ៊ីចឹងគាត់អត់ចោលភូមិស្រុករបស់គាត់ទេ។ គាត់អភិវឌ្ឍន៍ដូចជាផ្លូវថ្មម៉ិចខ្វាត់ខ្វែងនៅភូមិកុកទិល ភូមិជ្រលង់ទូទាំងឃុំហ្នឹង ដែលពីដើមមកដើរអត់រួច»។
លោក សយ ស៊ុម ក៏បានលើកពីគុណសម្បត្តិរបស់ឧកញ៉ា ទ្រី ភាព ដែលនាំឲ្យពួកគាត់ពេញចិត្តផងដែរ។ លោកបញ្ជាក់ដូច្នេះ «សម្រាប់ប្រជាពលរដ្ឋគាត់ជួយអ្នកទីទ័លក្រអត់ឃ្លានគ្មានទីពឹង ក៏គាត់បានជួយដែរ។ ជួយឧបត្ថម្ភជាផ្ទះខ្លះ ជាអង្ករ ជាលុយ សម្រាប់ចូលរួមរំលែកទុក្ខមានតាំងពីអ្នកដែលគ្នាខ្សត់ខ្សោយអត់ឃ្លាន ចាស់ជរាគ្មានទីពឹង»។
ជាមួយនឹងលទ្ធផលគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ជួសមុខឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានគណៈពង្រឹងការងារស្រុកកណ្តាលស្ទឹងនោះ ឧកញ៉ា ទ្រី ភាព បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងការថ្លែងអំណរគុណឧកញ៉ា ទ្រី ភាព ក៏បានប្រកាសប្តេជ្ញាខិតខំសាងសង់ផ្លូវជាបេតុង ជាកៅស៊ូឲ្យបានកាន់តែច្រើនថែមទៀតជូនប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ដើម្បីជាការតបស្នងសងគុណចំពោះការគាំទ្រដ៏មុះមុតរបស់ប្រជាពលរដ្ឋ។
ឧកញ៉ា ទ្រី ភាព ក៏បានបង្ហាញគម្រោងទិញដីសាងសង់ជាទីស្នាក់ការគណបក្សប្រជាជន និងយកបរិវេណទុកជាកន្លែងសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដូចជាធ្វើពិធីបុណ្យ ឬពិធីមង្គលការជាដើមផងដែរ។
ដើម្បីជាការតបស្នងចំពោះការគំាទ្រនេះ ឧកញ៉ា ទ្រី ភាព បានផ្តល់ថវិកាឲ្យរៀបចំអាហារសាមគ្គីនៅតាមភូមិនានា ហើយជួលល្ខោនដែលល្បីមកចាក់បញ្ចាំងជូនប្រជាពលរដ្ឋបានទស្សនាផងដែរ។
ឧកញ៉ា ទ្រី ភាព ក៏មិនភ្លេចជាមួយការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំត្បែងទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ដោយមិនត្រូវមានការរើសអើងគ្នារវាងអ្នកទៅបោះឆ្នោត និងអ្នកមិនទៅបោះឆ្នោត ដែលនាំឲ្យមានការបែកបាក់សាមគ្គីនៅតាមភូមិនោះឡើយ៕