(កំពង់ធំ)៖ ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងមានការចូលរួមពីក្រុមនិស្សិតពេទ្យនៅរាជធានីភ្នំពេញ និងគ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកផងដែរ និង ក្រុមគ្រូពេទ្យជំនួយកម្ពុជាបន្ថែមទៀត ដែលដឹកនាំដោយលោកគ្រូពេទ្យ សុខ សារឿន និង លោកគ្រូពេទ្យ នី សារិត ផងដែរ។
សកម្មភាពសប្បុរសធម៌នេះ បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍។
មុននឹងចាប់ផ្ដើមសកម្មភាពការងារ លោក ថោង ខុន បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកតែងតែចុះមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមបណ្ដាខេត្ត បាន១៨ ដង ហើយចំពោះស្រុកបារាយណ៍ នេះគឺជាលើកទី៤ហើយដែរ។
លោកបន្តថា សម្រាប់ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានបន្ថែមនូវសកម្មភាពមួយចំនួនទៀតរួមមាន៖ ការពិនិត្យសុខភាពស្ត្រី (ដោយផ្តោតសំខាន់ទៅលើមហារីកដោះ) ការពិនិត្យសម្ពាធឈាម កង្វះឈាមក្រហម និងកម្រិតជាតិស្ករនៅក្នុងឈាម ការចុះមើលទីតាំងមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក សំដៅផ្តល់សម្ភារសុខាភិបាលដល់មន្ទីរពេទ្យ ការស្រង់ស្ថិតិអ្នកជំងឺដុះសាច់បំពង់ក ដុះសាច់លើចម្រុះ ត្រចៀក ដើម្បីត្រៀមវះកាត់ឥតគិតថ្លៃ នៅខែកុម្ភៈ ឆ្នាំ ២០១៩ខាងមុខ ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយនោះឡើយ។
លោកបន្ថែមថា បើទោះបីជាប្រតិបត្តិការពិនិត្យព្យាបាលនេះពុំទាន់អាចបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែជាការបន្ធូរបន្ថយការលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបារាយណ៍បានមួយចំណែកដែរ។
សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកខាងលើ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Teri Kap Tan និងលោកស្រីវេជ្ជបណ្ឌិត Hanh Nguyen Clark មកពីអង្គការលើកកម្ពស់សុខភាពប្រកបដោយចីរភាពរបស់សហរដ្ឋអាមេរិក Sustainable Health Empowerment (SHE) ក្នុងនោះក៏មាននិស្សិតពេទ្យចំនួន ១៩នាក់ មកពីសាកលវិទ្យាល័យ UCLA នៃរដ្ឋកាលីហ្វញ៉ា។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត Teri Tan បានឱ្យដឹងដែរថា លោកស្រីមានចិត្តសប្បាយរីករាយណាស់ ដែលបានចុះពិនិត្យនៅពេលនេះ ជាពិសេសគឺលោកមានបេះដូង ស្រឡាញ់កម្ពុជា ស្រឡាញ់ស្រុក បារាយណ៍ នីងដោយមានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍នីងរដ្ឋបាលស្រុកបារាយណ៍។
ខណៈសកម្មភាពពិនិត្យ និងព្យាបាលខាងលើកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ ប្រជាពលរដ្ឋបានបងា្ហញក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសំណាក់លោក ថោង ខុន និងក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍៕