(ភ្នំពេញ)៖ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Xiaomi, Huawei, OPPO និង Vivo កំពុងតែមានការតាមដានព័ត៌មានយ៉ាងខ្លាំងនៅលើអ៊ីនធើរណិតនោះ ពេលនេះ មានក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយទៀត ដែលបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនចូលទៅក្នុងទីផ្សារផងដែរ។ ក្រុមហ៊ុន Meizu ទើបតែបង្ហាញខ្លួននៅលើ ទីផ្សារជាមួយនឹងស្មាតហ្វូនត្រកូល MX series និង M Note ហើយវាក៏មានការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ខ្ពស់ Meizu PRO 5 ថែមទៀត។
បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូននៅក្នុងខូបទី 15 នៅក្នុងខែមេសាឆ្នាំមុននេះ ក្រុមហ៊ុន Meizu ក៏បានបង្ហាញនូវស្មាតហ្វូន Meizu 16th ដែលមានរចនាបថកាន់តែអស្ចារ្យ និងតម្លៃកាន់តែសមរម្យថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ហៅស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនថា 16th និង 16th Plus ។ សម្រាប់ស្មាតហ្វូន Meizu 16th នេះគឺជាម៉ូដែលប្រណិតជំនាន់ថ្មីរបស់ស្មាតហ្វូន 15th ។ នេះមានន័យថា ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ជាមួយនឹងរ៉េមទំហំ 6GB/8GB និងម៉េមូរីទំហំ 128GB/256GB ផងដែរ។
ស្មាតហ្វូនត្រកូល Meizu 16th នេះ មានពីរទំហំសម្រាប់ធ្វើការជ្រើសរើសគឺប្រភេទ 6-inch Meizu 16th និងមួយទៀតទំហំ 6.5-inch Meizu 16th Plus។ ទោះបីជាស្មាតហ្វូននេះ មានទំហំអេក្រង់ខុសគ្នាក៏ដោយ ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ FHD+ 2160×1080 ភិចសែល ។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ Samsung Super AMOLED panels ជាមួយនឹងគែមស្តើងបំផុត ហើយវាមិនមាន Notch នៅផ្នែកខាងលើនៃអេក្រង់របស់វានោះទេ។ អ្វីដែលពិសេសនោះ គឺស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ fingerprint-on-display (FOD) sensor ផងដែរ។
សម្រាប់ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះវិញ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាទំហំ 12 megapixel Sony IMX380 ជាមួយនឹងមុខងារ OIS និងកាមេរ៉ាមួយទៀតទំហំ 20 megapixel Sony IMX 350 នៅផ្នែកខាងក្រោយ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 20 megapixel f/2.0 wide aperture 5P lens ផងដែរ។ ស្មាតហ្វូនេះ Meizu ជំនាន់ទី 16th នេះ មានប្រើប្រាស់ថាមពលថ្មទំហំ 3,010 mAh និងប្រព័ន្ធប្រតិបត្តិការ Android Oreo ជាមួយនឹង Flyme 7 OS ស្មាតហ្វូន Meizu 16th គឺពិតជាមានលក្ខណៈសម្បត្តិខ្លាំងក្លាកម្រិតខ្ពស់ ហើយវាក៏មានមុខងារជាច្រើនដែលអ្នកចង់បានសម្រាប់ឆ្នាំនេះ។
ស្មាតហ្វូន Meizu 16th នឹងមានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា និងនៅជុំវិញពិភពលោកនាពេលឆាប់នេះៗ៕