(ភ្នំពេញ)៖ រយៈពេលជិត៥ឆ្នាំ នៅភ្នំពេញ និងជិត២០ឆ្នាំ នៅខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចំណាយពេលវេលា ចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីបានដឹងពីស្ថានភាព ជាក់ស្តែងរបស់ពួកគាត់ ក៏ដូចជា ជួយដោះស្រាយបញ្ហាលំបាក និងបំពេញនូវសេចក្តីត្រូវការចាំបាច់មួយចំនួនរបស់ពួកគាត់ ជាបន្តបន្ទាប់ដូចជា សាងសង់ផ្ទះថ្មីជូនគាត់ ជីកប្រឡាយ ដាក់លូ ចាក់ផ្លូវបេតុង ចាក់ផ្លូវគ្រួស បញ្ជូនគ្រូពេទ្យទៅពិនិត្យតាមដានសុខភាព គ្រប់គ្រួសារ ដែលខ្វះលទ្ធភាព និងនាំយកពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ដោយជួយសម្រួលទាំងមធ្យោបាយ ធ្វើដំណើរនិងថ្លៃព្យាបាលពួកគាត់ -ល-។
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយលោក ជរ គឹមស៊ តំណាងអជ្ញាធរខណ្ឌ និងមានការចូលរួមពីលោក លោកស្រីតំណាងអជ្ញាធរភូមិសង្កាត់ និងសហការីជាច្រើន រូបទៀត បានចុះសាកសួរសុខទុក្ខដល់ផ្ទះ និងនាំយកអំណោយ ទៅផ្តល់ជូនដល់គ្រួសារទីទាល់ក្រ ចំនួន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រួសារទាំងនេះ គឺលោកតែងតែជួយជារៀងរាល់ ខែអស់ជាច្រើនឆ្នាំមកហើយ។
សកម្មភាព ចុះសួរសុខទុក្ខបណ្តើរ ជូនអំណោយបណ្តើរ មានការ៉េម១ពាន់ដើម នំប៉័ង១ពាន់ដើម ចែកជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី តាមផ្លូវ តាមភូមិបណ្តើរ បង្កើតបានជាបរិយាកាស រីករាយស្និតស្នាល ក្រៃលែង។ ក្រៅពីប្រជាពលរដ្ឋ១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹសនេះ នៅឯខេត្តបន្ទាយមានជ័យ ក៏មានគ្រួសារក្រីក្រមួយចំនួនទៀត ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កំពុងជួយឧបត្ថម្ភជីវភាពគ្រួសារ ពួកគាត់ជារាល់ខែមិនដែលខាន អស់ជិត១០ឆ្នាំ មកហើយផងដែរ។
ចំពោះគ្រួសានីមួយៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបានជួយផ្តល់នូវអង្ករគ្រប់គ្រាន់សម្រាប់ ការហូបចុក និងផ្តល់ថវិកាពី១០ទៅ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ ជារៀងរាល់ខែទៅតាមចំនួនមនុស្សតិចឬច្រើន និងមាន ទឹកត្រីទឹកស៊ីអ៊ីវមួយចំនួនទៀតផងដែរ។ អ្នកភូមិទាំងចាស់ក្មេងក្នុងមូលដ្ឋាន ទោះបីពុំមែនជាអ្នកបានទទួលអំណោយរាល់ខែ តែពួកគាត់បានសម្តែងទឺកចិត្តត្រេកអរ ដោយពុំមានការច្រណែន ទោមនស្ស ជាមួយគ្រួសារ ទីទាល់ក្រទាំងអស់ ក្នុងភូមិសង្កាត់របស់ពួកគាត់ ដែលបានទទួលការជួយឧបត្ថម្ភ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជារៀងរាល់ខែនោះឡើយ។
អំពើសប្បុរសប្រកបដោយ មនុស្សធម៌របស់លោក រ័ត្ន ស្រ៊ាង ជិត២០ឆ្នាំមកនេះ គឺទទួលបានមកវិញនូវការស្រឡាញ់រាប់អាន ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រៀបដូចជាសាច់ញាតិក្នុងគ្រួសារតែមួយ៕