(បាត់ដំបង)៖ លោក អង្គ វង្សវឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយ លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស រៀនត្រៀមប្រទ្បងសញ្ញាបត្រទុតិយភូមិ នៃវិទ្យាល័យមោងឫស្សី និង វិទ្យាល័យក្រឡោមភ្លុក ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់។
ក្នុងឱកាសនោះ លោក អង្គ វង្សវឌ្ឍានា បានគូសបញ្ជាក់ឡើងវិញអំពីការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាមានសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពីទីក្រុងដល់ជនបទ ជាពិសេសវិស័យអប់រំ។
លោកក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ មាតាបិតារបស់សិស្សានុសិស្ស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជានៅតែបន្តជួយអភិវឌ្ឈន៍ ភូមិ-ស្រុករបស់ប្រជាជនយើងជាដរាប។
លោក អង្គ វង្សវឌ្ឍានា បានកោរសរសើចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ណែនាំសិស្សានុសិស្ស ឲ្យទទួលបានលទ្ធផលល្អក្នុងការសិក្សានាពេលកន្លងមកឲ្យក្លាយជាកូនល្អរបស់មាតាបិតា និងជាយុវជនល្អរបស់ប្រទេសជាតិ។
លោកបានផ្តល់សម្ភារឧបត្ថម្ភមួយចំនួន ជាការលើកទឹកចិត្តដល់ លោកគ្រូ-អ្នកគ្រូស្ម័គចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាដើម្បីបង្ហាត់បង្រៀនបន្ថែមលើមុខវិជ្ជា៖ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវៈវិទ្យា និងអក្សរសាស្ត្រខ្មែរ ដល់សិស្សានុសិស្សត្រៀមប្រទ្បងសញ្ញាបត្រទុតិយភូមិនៃវិទ្យាល័យមោងឫស្សី និងវិទ្យាល័យក្រឡោមភ្លុក សម្រាប់ត្រៀមប្រឡងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។
ជាចុងបញ្ចប់លោក អង្គ វង្សវឌ្ឍានា បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលត្រៀមប្រទ្បងសញ្ញាបត្រទុតិយភូមិទាំងអស់ ឲ្យខិតខំរៀនសូត្រឲ្យអស់សមត្ថភាពដើម្បី ទទួលបានជ័យជម្នះ ក្នុងការប្រឡងឆ្នាំនេះ និងជូនពរឲ្យទទួលនិទ្ទេស A បានច្រើនគ្នាផងដែរ៕