(ភ្នំពេញ)៖ លោក ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ និងលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីពាក់ព័ន្ធនានា ស្ថិតនៅក្នុងវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០១៨ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្ត ខណៈខិតចូលមកដល់ នៃបុណ្យកាន់ព្រះវស្សាតាមបែបព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសុខសប្បាយ។

លោក ម៉ម ឡេងយ៉ានី បានឲ្យដឹងថា ចំពោះទេយ្យវត្ថុដែលនាំយកប្រគេនជូនដល់ព្រះសង្ស រួមមាន៖ ទៀនព្រះវស្សា១គូរ, សាដក២៦ប្រអប់, តែ៣គីឡូក្រាម, ស្ករស៥០គីឡូក្រាម, អង្ករ១០០គីឡូក្រាម, ទឹកដោះគោខាប់១កេសធំ, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, មីយើង២កេសសធំ, ត្រីខកំប៉ុង២កេសធំ, ទឹកក្រូច៤កេស, ទឹកសុទ្ធ៤កេស, ផ្លែឈើស្រស់៣កេស និងបច្ច័យឧបត្ថម្ភដល់ព្រះសង្ស២៦អង្គ-នាក់ផងដែរ។

ដោយឡែក តាអាចារ្យធំៗចំនួន២នាក់ ក្នុងម្នាក់ៗទទួលបានខោអាវមួយកំប្លេ, តែ, ស្ករ, ទឹកដោះគោ, ទៀន, ធូប, ប្រេងកូឡា និងបច្ច័យ ៤០,០០០រៀស្មើៗគ្នា។ ជាមួយគ្នានេះ អាចារ្យធំៗចំនួន៤នាក់ផ្សេងទៀត ទទួលបានក្នុងម្នាក់ៗ ក្រណាត់ស១ដុំ, ប្រេងកូឡា និងបច្ច័យ ២០,០០០រៀល។ ក្រៅពីនោះ សម្រាប់តាអាចារ្យ និងយាយជីចំនួន ១០០នាក់ ផ្សេងទៀតនោះ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ, បច្ច័យ ៥,០០០រៀលស្មើៗគ្នា។ ក្នុងសកម្មភាពនេះ ក៏មានការពិសារអាហារសម្រន់សាមគ្គីជុំគ្នា រួមាន៖ មាននំបញ្ចុក, នំបុ័ងសម្លខ្មែរ, សម្លការី, និងភេសជ្ជៈមួយចំនួន ដោយសរុបជាថវិកាអស់ចំនួន ៨,២០០,០០០រៀល។

លោក ជា ពិសី និងលោកស្រី អាន ផល្លា បានចូលរួមឧបត្ថម្ភជាបច័្ចយចំនួន ៤០០,០០០រៀល និងមានការចូលរួមចំណែកពីមន្ត្រីរាជការ និងប្រជាពលរដ្ឋផងនោះ សរុបចំនួន ១,១១០,០០០រៀល និង៤២ដុល្លារអាមេរិក សម្រាប់ប្រគេនដល់ព្រះសង្សដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តទួលសន្តិវ័ន្ត។

លោក ជា ពិសី បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់មន្ត្រីរាជការ ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ដោយបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានប្រើសិទ្ធិរបស់ខ្លួន ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ក្នុងការរក្សាការពារទាំងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ដែលស្ថិតក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន។

លើសពីនេះទៀត លោក ជា ពិសី បានផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យជួយសហការ និងរាយការណ៍ភ្លាមៗ មកកាន់អាជ្ញាធរសង្កាត់-ភូមិ ប្រសិនបើជួបរាល់ហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅតាមគ្រួសារនីមួយៗ ជាយថាហេតុ ពិសេសបញ្ហាសន្តិសុខ សុវត្ថិភាព ដូចជា៖ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើងជាដើម ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា។

លោកបញ្ជាក់ថា «ក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់» ប្រើអស់ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌ ស្របតាមអនុសាសន៍ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕