(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក សៅ សុខា បានស្នើសុំគ្រួសារបាល់ទាត់កម្ពុជាទាំងអស់អោយខិតខំជួយខ្លួនឯង ស្របពេលមានលោក Keisuke HONDA កីឡាករបាល់ទាត់ជោគជ័យមួយរូបទាំងក្នុងជម្រើសជាតិជប៉ុន និងក្នុងក្លឹបអាជីពលំដាប់ពិភពលោកមកគ្រប់គ្រង និងធ្វើជាគ្រូបង្វឹកក្នុងកិច្ចសន្យារយ:ពេល ២ឆ្នាំ ដោយមិនយកប្រាក់ខែ។
លោក សៅ សុខា បានថ្លែងក្នុងពិធីតែងតាំងនាព្រឹកថ្ងៃអាទិត្យ ទី១២ ខែសីហានេះថា «HONDA ស្ម័គ្រចិត្តមកជួយអភិវឌ្ឍន៍ ពិសេសក្រុមជម្រើសជាតិកម្ពុជា ដោយលោកបានចែកពេលវេលាដ៏តិចតួចក្នុងពេលតែមួយ មកជួយសហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជា ហើយកម្ពុជាខ្លួនឯង ត្រូវដឹងច្បាស់ខ្លួនឯងថា លោក Honda រវល់ច្រើន តែលោកនៅតែឆ្លៀតមកជួយកម្ពុជា ចឹងកម្ពុជាខ្លួនឯង ត្រូវតែជួយខ្លួនឯង ទាំងកីឡាករ និងអ្នកគាំទ្រឲ្យដឹងខ្លួនយើង ។ នេះគឺជាចំណុចទី១ ហើយទី២ ពាក់ព័ន្ធនឹងលោក Honda គាត់ស្ម័គ្រចិត្ត ដោយមិនទទួលយកប្រាក់ខែ ប៉ុន្ដែសហព័ន្ធគោរពនិយាមរបស់សហព័ន្ធអន្ដរជាតិ គឺយើងរ៉ាប់រងការធ្វើដំណើរ ការស្នាក់នៅ ហូបចុក និងការធ្វើការក្នុងស្រុក» ។
ទន្ទឹមគ្នានោះ បុរសវ័យ៣២ឆ្នាំ កម្ពស់១.៨១ម៉ែត្រ Honda ក៏បានអោយដឹងដែរថា «គោលដៅមកជួយកម្ពុជា ទី១ និយាយពីការរួមចំណែកធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើន ។ ទី២ គឺការផ្សព្វផ្សាយពីភាពរីកចម្រើន និងចំណុចវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក»។
សូមបញ្ជាក់ផងដែរថា Honda ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់រហស្សនាម គោព្រៃកម្ពុជា ជំនួសកៅអីគ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino ដែលត្រូវបានសហព័ន្ធបញ្ចប់កិច្ចសន្យាមុនកាលកំណត់កាលពីខែតុលាចុងឆ្នាំ២០១៧ និងតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំបណ្តោះអាសន្នផងដែរ៕