(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូប របស់ស្ដ្រីជនជាតិចិនម្នាក់ កំពុងតាមដើររួចគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ១នាក់ ក្នុងចំណោមពីរនាក់។
ហេតុការណ៍ ខាងលើនេះ បានកើតឡើងស្ថិតនៅចំណុចផ្លូវចាក់បេតុង (ផ្ទះសំណាក់ពស់) ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង១៧៖០០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ TANG JUAN ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារបាត់បង់៖ កាបូបស្ពាយចំហៀង ១ពណ៌ខ្មៅ, អត្តសញ្ញាណប័ណ្ណចិន១សន្លឹក, លិខិតឆ្លងដែន១សន្លឹក, លុយ ៥១ដុល្លារ (ហាសិបមួយដុល្លារ)។
ចំណែកជនសង្ស័យ ឈ្មោះ សុខ ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅ មិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយចំហៀង១ពណ៌ខ្មៅ (ផលនៃអំពើទុច្ចរិត) អត្តសញ្ញាណប័ណ្ណចិន១សន្លឹក (របស់ជនរងគ្រោះ), ម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៣០៣៧០៨ (មធ្យោបាយធ្វើសកម្មភាព)។
ចំពោះជនសង្ស័យ ដែលរត់គេចខ្លួនឈ្មោះ ពន្លឺ ឬ ឌី ត្រូវបានកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួន។ ករណីនេះ កម្លំងជំនាញកំពុងបន្តនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕